អង្គការមួយរបស់ជប៉ុនមានគម្រោងសាង់សង់អាគារសិក្សានៅកម្ពុជា២០ខ្នង ក្នុងមួយឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ។ នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក MIKI Watanabe អគ្គនាយកក្រុមហ៊ុន Watami Co., Ltd. និងជាអគ្គនាយកអង្គការ School Aid Japan​ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី២៨-៣១ ខែឧសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៅជំនួបនោះ លោកអគ្គនាយកអង្គការ School Aid Japan បានជម្រាបជូនសម្ដេចធិបតីថា អង្គការ School Aid Japan បានផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សកម្ពុជា ដែលជាក្មេងកំព្រា ដោយមានកម្មវិធីផ្ដល់អាហារពេលព្រឹកទៅដល់សិស្សានុសិស្សនៅតាមសាលារៀន សរុបជាង ២ម៉ឺននាក់ បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ។

លើសពីនេះ អង្គការ School Aid Japan ក៏បានបើកសាលាបង្រៀនភាសាជប៉ុនទៅដល់កូនខ្មែរផងដែរ។ លោកអគ្គនាយកអង្គការ School Aid Japan ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលបានផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់សកម្មភាពការងាររបស់អង្គការ School Aid Japan នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានលើកឡើងពីគោលបំណងរបស់អង្គការ School Aid Japan ទៅកាន់សម្តេចធិបតីថា អង្គការ School Aid Japan មានគម្រោងកសាងអាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ។

ជាការឆ្លើយតប សម្ដេចធិបបតី បានវាយតម្លៃខ្ពស់ចំពោះអង្គការ School Aid Japan ដែលបានចូលរួមចំណែកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្ដល់ការបណ្ដុះបណ្ដាលដល់កុមារកំព្រា  និងការជួយដល់សាលារៀននៅកម្ពុជា ដែលនេះ ស្របទៅនឹងគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់វិស័យអប់រំ តាមរយៈការពង្រឹងមូលដ្ឋានអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។

សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលទៅដល់សកម្មភាពរបស់អង្គការ School Aid Japan នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យអង្គការ School Aid Japan បន្តសកម្មភាពដ៏ល្អប្រពៃនេះ ដែលជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ។

សូមជម្រាបជូនថា អង្គការក្រៅរដ្ឋាភិបាល School Aid Japan បានបង្កើតឡើងក្នុងឆ្នាំ២០០១។ អង្គការ School Aid Japan បានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា រយៈពេលជាង ២ ទសវត្សរ៍ មកហើយ ដោយធ្វើសកម្មភាពជំនួយមនុស្សធម៌ក្នុងប្រទេសកម្ពុជាដោយផ្តោតលើការជួយសាងសង់អាគារសិក្សា គម្រោងគាំទ្រការអប់រំ គម្រោងគាំទ្រម្ហូបអាហារ និងមណ្ឌលកុមារកំព្រា។ បច្ចុប្បន្នមានកុមារកំព្រាជាង ១០០នាក់ ដែលស្នាក់នៅ និងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលនេះ៕