ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ២៥៧លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីចំនួន៩។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម បានក្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ១,២លានគ្រួសារ មានប្រមាណ ៤,៨៤លាននាក់ ស្មើនឹង ២៨% នៃចំនួនពលរដ្ឋសរុប។

ចំណែករបបសន្តិសុខសង្គម គិតត្រឹមខែមេសា ឆ្នាំ២០២៥ បានគ្របដណ្តប់លើពលរដ្ឋប្រមាណ ៣,១លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ៤២៥លានដុល្លារអាម៉េរិក បន្ថែមលើថវិកាវិភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស សម្រាប់អនុវត្តរបបសន្តិសុខសង្គមចំនួន ៣សំខាន់ៗ។
ចំណែកអន្តរាគមន៍ឆ្លើយបតទៅគ្រោះអាសន្ន ក្នុងខណៈដែលប្រទេសជាតិជួបគ្រោះអាសន្នដែលរួមមានការរីករាលដាលជំងឺកូវីដ ១៩ សម្ពាធអតិផរណានិងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានគិតគូរនិងផ្តល់ការគាំពារដល់ពលរដ្ឋដើម្បីរក្សាលំនឹងជីវភាព កាត់បន្ថយការវិបាកអវិជ្ជមាន ដោយសារជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តាមរយៈការអន្តរាគមន៍ជំនួយសង្គមពិសេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានចំណាយថវិកាជាតិសរុបប្រមាណ ១ ៤២២ លានដុល្លារអាម៉េរិក។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភាកាលព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥ ថា រាជរដ្ឋាភិបាលគ្រប់ដំណាក់កាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ការស្តារជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើសន្តិសុខស្បៀង ការផ្តល់សេវាសុខភិបាល ការអប់រំ និងសេវាសង្គម សាងសំណាញសុវត្ថិភាពសង្គម។
រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជារាជរដ្ឋាភិបាលបន្តវេន របស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១សម្រាប់ឆ្នាំ២០២៣-២០២៨ បានកំណត់យកការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ។
សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដើម្បីកសាងប្រព័ន្ធគាំពារសង្គមឧ្យមានភាពរឹងមាំ ភាពធន និងប្រសិទ្ធភាពដូចសព្វថ្ងៃ រាជរដ្ឋាភិបាលបានវិនិយោគលើការកសាងមូលដ្ឋានគ្រឹះរឹងមាំសំរាប់អភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ដោយផ្តោតលើធាតុសំខាន់ៗចំនួន ៣ រួមមាន៖ទី១ ក្របខណ្ឌគតិយុត្ត និងឯកសារគោលនយោបាយ, ទី២ ប្រព័ន្ធគាំពារសង្គមឌីជីថល និងយន្តការតាមដានវាយតម្លៃ និងទី៣ ក្របខណ្ឌស្ថាប័ន ក្នុងនោះរាជរដ្ឋាភិបាលបានរៀបចំនិងដាក់ចេញលិខិតបទដ្ឋានគតិយុត្តិ ឯកសារក្របខណ្ឌ ផែនទីបង្ហាញផ្លូវ យុទ្ធសាស្រ្តនិងគោលការណ៍ណែនាំសំខាន់ៗសម្រាប់ធ្វើស្ថាប័ននូបយនីកម្ម ដាក់ឧ្យអនុវត្ត ក៏ដូចជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្តិសុខសង្គម និងអន្តរាគមន៍គាំពារសង្គមជាបន្តបន្ទាប់៕



