កម្ពុជា បានប្តេជ្ញារួមគ្នាជំរុញការបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យបានឆាប់ ខណៈបច្ចុប្បន្ននៅសេសសល់ ១៦%ទៀតប៉ុណ្ណោះ។ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជាមួយនាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង(Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម កាលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះដែរ លោក Nguyen Tan Cuong បានសរសើរពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសការថែរក្សាបាននូវស្ថិរភាព សន្តិភាពនៅក្នុងប្រទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ច។ លោកក៏បានលើកឡើងអំពីគម្រោងនៃការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីរនៃប្រទេសវៀតណាម ដោយ លោកបានបញ្ជាក់ថា គម្រោងនៃការសាងសង់ស្តូបនេះ នឹងបង្ហាញទៅកាន់ប្រទេសជាតិ និងអន្តរជាតិឱ្យបានយល់កាន់តែស៊ីជម្រៅ អំពីទំនាក់ទំនងដ៏ស្អិតរមួនរវាង កម្ពុជានិងវៀតណាមនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងវិស័យកងទ័ព ដែលបានតវ៉ាងើបពីអាណានិគមនាពេលកន្លងមក។
ជាការឆ្លើយតប សម្ដេចតេជោ មានប្រសាសន៍ថា ពាក់ព័ន្ធវិស័យកងទ័ព កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ មានភាពស្អិតរមួត ហើយក៏ជាផ្នែកមួយនៃការជំរុញបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោក៏បានប្រាប់ទៅដល់លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ពាក់ព័ន្ធទៅនឹងព្រំដែន កម្ពុជា-វៀតណាមជាពិសេសទាក់ទងទៅនឹងការបោះបង្គោលព្រំដែនដែលនៅសេសសល់ ១៦%ទៀត ដោយសម្ដេចបានជំរុញឱ្យមានការព្រមព្រៀងគ្នា និងជំរុញបន្ថែមទៀតក្នុងការបោះបង្គោលព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់នាពេលខាងមុខផងដែរ។
សូមជម្រាបថា កម្ពុជាបានធ្វើការចរចារជាមួយវៀតណាម ដោយបានបោះបង្គោលព្រំដែនរួចជាស្រេចបានចំនួន ៨៤% នៅសល់ ១៦% ទៀតកំពុងធ្វើការចរចារ។ ទន្ទឹមនេះ កម្ពុជាបានចរចារជាមួយប្រទេសឡាវ ដោយបានបោះបង្គោលព្រំដែនបាន ៨៦% នៅសល់ ១៤% ទៀត កំពុងចរចារដោយស្មារតីគោរពគ្នាទៅវិញទៅមក។នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន កាលព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំ «សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១»៕ អត្ថបទ៖ហ្សាលីន

