កម្ពុជា និងប្រទេសចំនួន ១១០ ទៀត បានប្តេជ្ញារួមគ្នាជំរុញ និងពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល។នេះយោងតាមសន្និសីទស្តីពីចីរភាពទីក្រុងហាំប៊ួគ ២០២៥ (Hamburg Sustainability Conference 2025) នាថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ ។

សន្និសីទនេះ មានការចូលរួមពីតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាល, អង្គការអន្តរជាតិ, វិស័យឯកជន និងសង្គមស៊ីវិល ប្រមាណ ១.៦០០ នាក់ មកពី ១១០ ប្រទេស ក្នុងនោះមានដូចជា លោកស្រី Reem Alabali-Radovan រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍របស់សហព័ន្ធអាល្លឺម៉ង់ (BMZ) និងលោក Achim Steiner អគ្គលេខាធិការនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ។
លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមសន្និសីតនោះ បានឱ្យដឹងថា គោលដៅចម្បងនៃសន្និសីទនេះគឺ ដើម្បីបន្តកិច្ចសន្ទនាកម្រិតគោលនយោបាយ និងស្វែងរកដំណោះស្រាយជាក់ស្តែង សម្រាប់ពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយផ្តោតសំខាន់លើនិម្មាបនកម្មហិរញ្ញប្បទានអន្តរជាតិ និងការវិនិយោគសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ថ្លែងសុន្ទរកថាក្នុងសន្និសីទនោះដែរ លោក ឈៀង យ៉ាណារ៉ា បានរំលេចពីអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងសារៈសំខាន់នៃភាពជាដៃគូប្រកបដោយបរិយាបន្ន និងកិច្ចសហប្រតិបត្តិការជាសកលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទន្ទឹមគ្នានេះ លោកក៏បានបញ្ជាក់នូវការប្តេជ្ញារបស់កម្ពុជាក្នុងការបន្តជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងសកល ព្រមទាំងបន្តលើកកម្ពស់ភាពជាដៃគូ, គណនេយ្យភាពទ្វេទិស និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ផងដែរ៕អត្ថបទ៖ហ្សាលីន



