ក្រុមហ៊ុនមួយរបស់ចិន មានផែនការនាំចេញបន្លែនិងផ្លែឈើកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន៣០លានដុល្លារ ទៅកាន់ប្រទេសខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១០ ខែកញ្ញា ក្រុមហ៊ុនម្ហូបអាហាររបស់ចិនមួយដែលមានមូលដ្ឋាននៅទីក្រុង Zhengzhou បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនកម្ពុជា មានផែនការជំរុញការនាំចេញបន្លែនិងផ្លែឈើរបស់កម្ពុជាទៅកាន់ប្រទេសចិនក្នុងទំហំទឹកប្រាក់ចំនួន ៣០ លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នេះបើតាមការឱ្យដឹងពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាដែលកំពុងពង្រឹងក្នុងវិស័យកសិកម្មនិងពាណិជ្ជកម្ម។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានកសិផលចំនួន ១៦ មុខដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដែលរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន។

កាលពីពេលថ្មីៗនេះ កម្ពុជាក៏បាននាំចេញផ្លែទុរេនស្រស់ផ្ទាល់ ទៅកាន់ប្រទេសចិនផងដែរ។ ការនាំចេញទាំងនេះបានបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កាលពីដើមខែកញ្ញាកន្លងទៅ កម្ពុជា-ចិន ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងការត្រៀមបើកទីផ្សារនាំចូលកសិផលកម្ពុជាទៅទីផ្សារប្រទេសចិនបន្ថែមទៀតផងដែរ៕