សម្តេចតេជោ បញ្ជាឱ្យពិនិត្យកែច្បាប់ដោយប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោកវិញ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលពាក់ព័ន្ធ ដើម្បីបង្កើនចំនួនសត្វព្រៃឡើងវិញ ខណៈសម្តេចក៏បានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជថែមទៀតផងដែរ។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងពិធីដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី១ ខែ មិនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេច បញ្ជាក់ថា ស្នើឱ្យធ្វើការពិនិត្យច្បាប់សត្វព្រៃឡើងវិញ ដោយប្តូរពីការរឹតត្បិតមកជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក។ សម្តេចបន្តថា សត្វក្ងោកអាចចិញ្ចឹម ហើយអាចយកទៅលែងនៅក្នុងព្រៃឡើងវិញ។ សត្វកម្រដូចជាសត្វក្ងោក និងសត្វកម្រផ្សេងទៀតបើងាយចិញ្ចឹមត្រូវបន្តចិញ្ចឹមហើយលែងទៅព្រៃ។ សកម្មភាពនេះបង្ហាញពីស្ថានភាពល្អ នៃការអភិរក្សសត្វព្រៃនៅកម្ពុជាឡើងវិញផងដែរ។

សម្តេចបន្តថា៖«យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក»។

ជាមួយគ្នានេះ សម្តេចថា សម្តេចមិនបន្ទោសមន្ត្រីអនុវត្តន៍ច្បាប់រឿងចាប់យកសត្វក្ងោកអ្នកភូមិចិញ្ចឹមឡើយ ប្រហែលជាមន្ត្រីអនុវត្តន៍ច្បាប់សំអាងលើហេតុផលដែលមាននៅក្នុងច្បាប់។ សម្តេចបញ្ជាក់ថា «បើមានមាត្រាណាមួយ និយាយអំពីការរឹតត្បឹតនេះ សូមធ្វើការកែប្រែ ឬវិសោធនកម្មច្បាប់ត្រង់មាត្រានោះតែម្តង»។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើយកទោសអ្នកចិញ្ចឹមក្ងោក។ អ្នកមានទោសមុនគេសម្តេចតេជោ បន្ទាប់មកលោក ហ៊ុន ម៉ានិត, លោក ហ៊ុន តូ និងលោកស្រី ហ៊ុន ម៉ាលីស ព្រោះទាំងសម្តេច និងគ្រួសារសម្តេចសុទ្ធតែអ្នកចិញ្ចឹមសត្វក្ងោក និងស្រឡាញ់សត្វក្ងោក៕

អត្ថបទ៖ ពិសី