ក្រសួងព័ត៌មាន បានលើកទឹកចិត្ត និងជំរុញអង្គភាពព័ត៌មានជាភាសាបរទេស បង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជាឱ្យបានច្រើន សំដៅរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរ ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរជាដើម។នេះបើតាមជំនួបលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាមួយលោក SUN YINGLONG (ម្ចាស់ក្រុមហ៊ុន Point Business Service និងអង្គភាពសារព័ត៌មាន Khmer Industrial Economy កាលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណសារព័ត៌មានភាសាចិន បានចូលរួមផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ដែលជួយលើកកម្ពស់ឱ្យពិភពលោកបានយល់ដឹងអំពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងសក្តានុពលនានារបស់ប្រទេសកម្ពុជា។លោកថា សារព័ត៌មានចិន ដែលបំពេញការងារនៅក្នុងប្រទេសកម្ពុជា បានជួយផ្សព្វផ្សាយព័ត៌មានពិតអំពីសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ប្រជាជនចិន និងប្រជាពលរដ្ឋដែលនិយាយភាសាចិន នៅទូទាំងពិភពបានដឹងច្បាស់បន្ថែមទៀត។
ជាមួយគ្នានេះ លោកថា ដើម្បីពង្រឹងការផ្សព្វផ្សាយឱ្យបានកាន់តែល្អ និងមានព័ត៌មានច្រើនបន្ថែមទៀតនោះ ក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំពិនិត្យក្នុងការធ្វើកិច្ចសហការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដើម្បីដកស្រង់ព័ត៌មានសំខាន់ៗ យកទៅបកប្រែជាភាសាចិនហើយផ្សព្វផ្សាយជាផ្លូវការ ព្រោះស្ថាប័នសារព័ត៌មានជាតិ AKP នេះគឺរាល់ព័ត៌មានគឺពិតត្រឹមត្រូវ មានប្រភពច្បាស់លាស់ ហើយរាល់គោលជំហរ និងការសម្រេចផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវផ្សព្វផ្សាយបានលឿន។

ទន្ទឹមគ្នានេះ លោក Sun Yinglong បានបញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ពិសេសជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដើម្បីបន្តចូលរួមចំណែក ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានជាភាសាចិន ដល់សាធារណជនបានយល់ បានដឹងបានជ្រាប ហើយជាពិសេសនោះ គឺ ជនជាតិចិនដែលរស់នៅប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏នៅតែលើកទឹកចិត្តដល់អង្គភាពព័ត៌មានដែលផ្សាយជាភាសាបរទេសទាំងអស់ សូមបង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ចេញទៅក្រៅប្រទេសឱ្យបានច្រើន សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគបន្ថែមទៀត៕អត្ថបទ៖ហ្សាលីន
