កម្ពុជា មានបំណងចង់ឱ្យក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលិញរបស់ចិន សម្តែងរួមគ្នានៅភ្នំពេញ មុនព្រឹត្តិការណ៍ស៊ីហ្គេម

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា មានបំណងចង់ឱ្យក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលិញរបស់ចិន សម្តែងរួមគ្នានៅរាជធានីភ្នំពេញ មុនព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ។នេះបើតាមការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងជំនួបទ្វេរភាគីជាមួយ លោក សិន តានយ៉ាង Shen Danyang អភិបាលរងខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងឱកាសខួបទី៦៥ នៃចំណងការទូតនៃប្រទេសទាំងពីរ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍និង CAMSOC កំពុងគិតគូររៀបចំការងារមួយចំនួន ដោយមានការពិភាក្សាគ្នារវាងថ្នាក់អគ្គនាយកអន្តរជាតិ នៃក្រសួង ទេសចរណ៏កម្ពុជាជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ចិន រួចហើយ នាអំឡុងទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសចិនថ្មីៗនេះ ដូចជា ការសម្ដែងសិល្បៈរួមគ្នា ជាក្បាច់គុនសៅលិញ និងល្បុកក្តោ មុនព្រឹត្តិការណ៍ស៊ីហ្គេម។ ក្នុងន័យនេះ លោក ក៏បានសំណូមពរទៅភាគីចិន ឲ្យបញ្ជូនអ្នកហាត់ក្បាច់គុនសៅលិញ មកសម្តែងជាមួយអ្នកហាត់ក្បាច់គុនល្បុកត្តោផងដែរ។

ទន្ទឹមនឹងសំណូមពរនោះ លោក ក៏ចង់ឲ្យមានការរៀបចំនូវការប្រយុទ្ធគ្នា៤-៥គូ រវាងអ្នកហាត់ក្បាច់គុនសៅលិញ និងអ្នកហាត់ក្បាច់គុនខ្មែរ។ ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញគណៈប្រតិភូខេត្តហាយណាន មកចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផងដែរ។

ជាការឆ្លើយតប លោក សិន តានយ៉ាង បានលើកឡើងថា កម្ពុជា និងខេត្តហៃណាន មានទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌, ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍រវាងកម្ពុជា និងខេត្តហៃណាន និងដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសអាស៊ានផងដែរ។ចំពោះព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ លោក ឱ្យដឹងថា ភាគីទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមក។ទន្ទឹមនឹងនោះ លោក ក៏បានអញ្ជើញភាគីខាងកម្ពុជា ទៅចូលរួមវេទិកាបូអាវ នៅចុងឆ្នាំ២០២៣នេះ ផងដែរ៕