កូតឌីវ័រ នឹងសិក្សាលទ្ធភាពពង្រីកការអភិវឌ្ឍមូលដ្ឋានផលិតកម្មជាមួយប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សាធារណរដ្ឋកូតឌីវ័រ បានសន្យាថា នឹងសិក្សាលទ្ធភាពពង្រីកការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមូលដ្ឋានផលិតកម្មជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ។នេះបើយោងតាមប្រសាសន៍របស់លោក Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានភាពប្រហាក់ប្រហែលគ្នាមួយចំនួន ជាពិសេសនៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។ បន្ថែមលើនេះ សម្ដេចធិបតីក៏បានអញ្ជើញ នាយករដ្ឋមន្ត្រីកូតឌីវ័របំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ និងពិនិត្យលទ្ធភាព ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តសៀមរាប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ សង្ឃឹមថា នឹងមានឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលនឹងជាកាលានុវត្តភាពនៃការបន្តកិច្ចពិភាក្សាទ្វេភាគី សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

សូមជម្រាបដែរថា តាមរយៈជំនួបនោះ នាយករដ្ឋមន្ត្រីទាំងពីរ បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅលើកិច្ចសហប្រតិបត្តិការសក្ដានុពលមួយចំនួន, ជាពិសេសលើវិស័យឧស្សាហកម្ម និងកសិកម្ម។ លោកនាយករដ្ឋមន្ត្រីកូតឌីវ័រ បានសន្យាថា នឹងចាត់រដ្ឋមន្ត្រីឧស្សាហកម្ម ទៅធ្វើទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីពិនិត្យ និងសិក្សាលទ្ធភាពពង្រីកការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមូលដ្ឋានផលិតកម្មជាមួយប្រទេសកម្ពុជា។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពក្នុងការបន្តពិនិត្យលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជា ឧត្តមប្រយោជន៍សម្រាប់ប្រទេសទាំងពីរផងដែរ៕អត្ថបទ៖ហ្សាលីន