លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា បានប្រកាសឲ្យដឹងថា កម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ហើយក៏ពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់បណ្តាញជាតិរបស់កម្ពុជានោះទេ។ ម្យ៉ាងទៀត បើទោះបីករណីថៃផ្តាច់ចរន្តអគ្គិសនីតំបន់ខ្លះនៅតាមព្រំដែន ក៏កម្ពុជាអាចផ្គត់ផ្គង់ខ្លួនឯងបាន។

ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា គឺបន្ទាប់ពីថ្មីៗនេះ ក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឲ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន។
លោក កែវ រតនៈ បានគូសបញ្ជាក់បែបនេះថា៖ “ម៉ោងនេះ ថ្មើនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយការមិនយកថាមពលអគ្គិសនីចូលបណ្តាញជាតិនៃប្រទេសទាំងពីរ ដោយសារ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ប៉ុន្តែមានភូមិខ្លះ ឬតំបន់ខ្លះនៅជិតព្រំដែន មានការប្រើប្រាស់ភ្លើងក្រុមហ៊ុនប្រទេសថៃតិចតួច ដូច្នេះបើខាងថៃកាត់ផ្តាច់ចរន្តអគ្គីសនី យើងនឹងអាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋខ្លួនឯងបាន”។
ទោះយ៉ាងណា លោករដ្ឋមន្រ្តីបានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ សូមបងប្អូនទាំងអស់ទូទាំងប្រទេស កុំដុតព័ត៌មាននេះឱ្យទៅជារឿងផ្សេង សូមកុំឱ្យក្លែងពាក្យសម្ដី សូមកុំឱ្យឌឺដងថា យើងមិនត្រូវការគ្នាទៅវិញទៅមក។ នៅក្នុងពិភពលោកយើងនេះ ការភ្ជាប់បណ្ដាញប្រទេសមួយទៅប្រទេសមួយ គឺជាផលចំណេញទាំងអស់គ្នា អាមេរិកក៏ប្រើភ្លើងពីកាណាដា ប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ក៏ប្រទាក់ក្រឡាគ្នាទោះបីជាមានតឹងតែងអីក៏នៅតែប្រើភ្លើងទៅវិញទៅមក នៅអាហ្វ្រិកក៏មានបណ្ដាញឆ្លងប្រទេសដូចគ្នា នៅក្នុងអាស៊ានយើងក៏មានផែនការ ដើម្បីភ្ជាប់បណ្ដាញអគ្គិសនីអាស៊ានជាតិដូចគ្នា ជាពិសេសការប្រជុំជំនួបកំពូលអាស៊ានទាំង១០ នៅឯប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំនេះ ក៏មានការលើកឡើងអំពីការភ្ជាប់បណ្ដាញអគ្គិសនីអាស៊ាន១០ ទាំងអស់គ្នាថ្ងៃអនាគត។

លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា ដូច្នេះការបំភ្លឺនេះ គ្រាន់តែជាការបំភ្លឺជូនបងប្អូនជនរួមជាតិ ហើយសូមអំពាវនាវកុំឱ្យដុតរឿងទៅជារឿងផ្សេង សូមឱ្យប្រទេសទាំងអស់នៅក្នុងអាស៊ាន មានការសហការណ៍គ្នាជាបន្ត ថៃនិងកម្ពុជា ក៏ត្រូវសហការណ៍គ្នាបន្ត ដើម្បីចំណេញទៅចំណេញមក។ ដូច្នេះបញ្ហានេះ សូមឱ្យបងប្អូនទទួលយកនូវការពិតនេះ ហើយសូមសុំណូមពរ កុំឱ្យមានការផលិតព័ត៌មានក្លែងក្លាយទាំងឡាយ ដែលប្រាសចាកពីការពិត៕