ធនាគារពិភពលោក ( World Bank) បានព្យាករថា សេដ្ឋកិច្ចកម្ពុជាមានកំណើនត្រឹម ៤,០% ក្នុងឆ្នាំ២០២៥ និង ៤,៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក។

របាយការណ៍ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ថា ការនាំចេញដ៏ស្វាហាប់ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន បានរួមចំណែកច្រើនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារក្សាបានភាពធន់ ទោះបីជាមានភាពមិនប្រាកដប្រជា សកលកើនឡើងក៏ដោយ។ ដើម្បីរក្សាបានកំណើននៅក្នុងបរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវផ្តោតលើការប្រឹង ប្រែងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប និងការបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន វិនិយោគ និងបង្កើតការងារ។
យោងតាមរបាយការណ៍ខាងលើបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាមានត្រឹម ៤,០% ក្នុង ឆ្នាំ២០២៥ និង ៤,៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួម មាន ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យ អចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ថ្លែងថា «ការធ្វើពិពិធកម្មសេដ្ឋ កិច្ចមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេលមានភាព មិនប្រាកដប្រជា ជាពិសេសដោយពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំ ចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត»។
លោកស្រីបានបន្ថែមថា «កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រដល់ការធ្វើឱ្យបរិយាកាសអាជីវកម្មមាន ភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»។
ជាមួយគ្នានេះ ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១,៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ សេវាកម្មទេសចរណ៍បាន កើនឡើង ១៦,១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិតនៅក្នុង ឆ្នាំ២០១៩ ក៏ដោយ។

ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ ដូចមានជាភស្តុតាងស្រាប់នូវការ កើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ។ពីខាងក្រៅវិញ ការកើនឡើងនៃប្រាក់បញ្ជូនពីបរទេស និងចំណូលពីទេសចរណ៍ បានជួយទូទាត់ប៉ះប៉ូវដល់ឱនភាពពាណិជ្ជកម្មដែលកំពុងកើនឡើងដែរ ដោយទុនបម្រុងបានកើនដល់ ២៤,៧ពាន់លានដុល្លារអាមេរិក។ កំណើនសាច់ប្រាក់កំពុងចរាចរណ៍បានកើនឡើងដល់ ១៩,០% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារលក្ខខណ្ឌ រូបិយវត្ថុមានអំណោយផល។ អតិផរណាបានកើនឡើងបន្តិច ដល់ ៣,៧% ភាគច្រើនដោយសារតម្លៃអាហារ ក្នុងពេលដែលគុណភាពទ្រព្យសកម្មក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយកម្ចីមិនដំណើរការ កើនសមាមាត្រ កាន់តែខ្ពស់ជាងមុន៕