នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី៩ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១២៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤,៦ពាន់កន្លែង។
គម្រោងវិនិយោគទាំង១២នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ផលិតគ្រឿងសង្ហារិម និងសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ, ផលិតសម្ភារៈប្រើប្រាស់ ដូចជាកំប៉ុងទឹក ប្រអប់ ចាន ស្លាបព្រា សម ចង្កឹះ ទុយោបឺត ជើងទ្រកំប៉ុង ក្រដាសជូតមាត់, ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ខារអំបោះ និងជ្រលក់ពណ៌, ផលិតផលិតផលធ្វើអំពីការកាវ, ផលិតបំពង់ទីបដែក, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតនុយសិប្បនិម្មិត និងសម្ភារៈស្ទូចត្រីគ្រប់ប្រភេទ, បង្កើតកសិដ្ឋានចិញ្ចឹម និងភ្ញាស់កូនមាន់ ទា, ផលិតខ្សែភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈអគ្គិសនី, និងផលិតសម្ភារៈក្មេងលេង និងសត្វចិញ្ចឹម) និងវិស័យទេសចរណ៍ចំនួន១គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២៨០បន្ទប់)។
សូមបញ្ជាក់ថា គម្រោងវិនិយោគទាំង១២ខាងលើ នឹងបោះទីតាំងវិនិយោគនៅខេត្តចំនួន៧ រួមមាន ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ស្វាយរៀង កំពត កំពង់ឆ្នាំង និងកំពង់ធំ។

សូមជម្រាបផងដែរថា រយៈពេល៥ខែ ឆ្នាំ២០២៥នេះ គិតចាប់ពីខែមករា រហូតដល់ខែឧសភា ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។
គម្រោងវិនិយោគទាំង២៩០គម្រោង ដែលបានចុះបញ្ជី ក្នុងនោះមាន១១៩គម្រោងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារបានប្រមាណ ២០០ពាន់កន្លែង។ ចំណែកឯទុវិនិយោគក្នុងវិស័យឧស្សាហកម្មមានរហូតដល់ ៣,៦ប៊ីលានដុល្លារ វិស័យហេដ្ឋារចនាសម្ព័ន្ធ ៥៥៨លានដុល្លារ វិស័យទេសចរណ៍២០លានដុល្លារ៕