ក្រសួងវប្បធម៌ ឱ្យបញ្ឈប់នាំចូល និងបញ្ចាំងភាពយន្តថៃ នៅគ្រប់រោងភាពយន្តនៅកម្ពុជា ចាប់ពីថ្ងៃនេះទៅ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅគ្រប់រោងភាពយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ បានជម្រាបជូនដំណឹងដល់លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន ចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ មេត្តាជ្រាបថា៖ «ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត»។

ពាក់ព័ន្ធនឹងវិស័យភាពយន្តនេះដែរ កាលយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន ក៏បានចេញសេចក្តីជូនដំណឹងជម្រាបជូនដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ឱ្យបានជ្រាបថា ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ តទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួនផងដែរ៕ អត្ថបទ៖ ហ្សាលីន