សម្តេចតេជោ៖ កម្ពុជា មិនសុំអាវុធពីប្រទេសណាទេ តែសុំត្រឹមគាំទ្រលើជំហរដោះស្រាយវិវាទព្រំដែននៅ ICJ​ ប៉ុណ្ណោះ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា បានប្រាប់​ទៅប្រទេសនានាថា កម្ពុជា មិនសុំអាវុធ មកវៃគ្នានោះឡើយ គឺសុំត្រឹមការគាំទ្រវិធានការច្បាប់​អន្តរជាតិនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ កាលព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហេតុនេះ កម្ពុជាបាច់ត្រូវតែយកបញ្ហាព្រំដែនកម្ពុជា នៅតំបន់ទាំង៤ ទៅកាន់ ICJ គឺដោយសារកម្ពុជាដឹងច្បាស់ថា ភាគីទាំងពីរ នឹងមិនអាចចុះសម្រុងគ្នាទេ បើទោះជាចំណាយពេល១០០ឆ្នាំ ក្នុងការចរចារទ្វេភាគី ក៏នៅតែមិនអាចស្រុះស្រួលគ្នាដែរ ហេតុនេះ ការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិគឺជារឿងល្អបំផុត។

ជាមួយគ្នានេះ សម្តេចតេជោបញ្ជាក់ថា ការបញ្ជូនសំណុំរឿងនេះ មិនមែនជាការបង្កជម្លោះ ឬសង្គ្រាមជាមួយថៃនោះឡើយ ហើយកម្ពុជា មិនមែនខ្វះអាវុធ និងកម្លាំងវាយគ្នាទេ តែកម្ពុជាមិនចង់វាយគ្នាទេ កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី នឹងត្រឹមតែការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា៖« អ្នកណាក៏ដោយដែលគេចវេះពីតុលាការ មានន័យថា អ្នកនោះមានពិរុទ្ធភាព និយាយឱ្យខ្លី មានតែចោរទេ ដែលខ្លាចតុលាការ»។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្ដាប្រទេសដែលមិនចង់ឱ្យមានសង្គ្រាម ស្រឡាញ់សន្ដិភាព សូមគាំទ្រដល់កម្ពុជា ចំពោះការប្ដឹងវិវាទព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ខណៈសម្តេចក៏បានអះអាងជាថ្មីថា សាលដីកាតុលាការអន្តរជាតិ កម្ពុជានឹងព្រមតាម ដែលជាវិធីល្អនៃ ការដោះស្រាយដោយសន្តិភាព ព្រោះបើប្រយុទ្ធគ្នាដណ្ដើមយកទឹកដី តើនឹងបូជាសាច់ឈាមអស់ប៉ុន្មាន!។

សូមជម្រាបថា កាលថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ៕ អត្ថបទ៖ហ្សាលីន