សហភាពអឺរ៉ុប បង្ហាញឆន្ទៈជួយជំរុញ និងអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលស្វាយចន្ទីកម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

តំណាងសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឆន្ទៈបន្តគាំទ្រដល់ក្រសួងពាណិជ្ជកម្ម ជាពិសេសជួយជំរុញ និងអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃសម្រាប់ផលិតផលស្វាយចន្ទីកម្ពុជាឱ្យកាន់តែខ្ពស់បន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក រាជ រ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ជាមួយតំណាងគម្រោង EU-German GATE និងតំណាងគម្រោង EU-German CAPSAFE សម្រាប់ការចាប់ផ្តើមនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ កាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក រាជ រ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងផ្តល់វឌ្ឍនភាពសង្ខេបនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ជូនទៅកាន់តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងគម្រោង EU-German GATE និងតំណាងគម្រោង EU-German CAPSAFE និងពិភាក្សាផែនការសកម្មភាពសម្រាប់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយនេះ ក្នុងទិសដៅសហការពង្រឹង និងជំរុញនិរន្តរភាពការអភិវឌ្ឍខ្សែច្រវាក់តម្លៃវិស័យស្វាយចន្ទីកម្ពុជា។

ជាលទ្ធផល កិច្ចប្រជុំនេះ កម្ពុជា និងសហភាពអឺរ៉ុប បានពិនិត្យផែនការសកម្មភាព និងពេលវេលា ដែលនឹងសហការអនុវត្តដោយទីប្រឹក្សាជាតិ និងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។

តាមរយៈកិច្ចប្រជុំនេះដែរ តំណាងសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឆន្ទៈបន្តគាំទ្រដល់ក្រសួងពាណិជ្ជកម្ម ជាពិសេស ជំរុញប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិនេះ ជំរុញការបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលស្វាយចន្ទីកម្ពុជាឱ្យកាន់តែខ្ពស់ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាផងដែរ។

សូមរម្លឹកដែរថា នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ម៉ឺន ៥ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ម៉ឺន ៥ពាន់តោន៕អត្ថបទ៖ ហ្សាលីន