ប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋានរាប់មុឺននាក់ជួបជុំគ្នាក្នុងមហាព្រឹត្តិការណ៍ “ព្យុហយាត្រាសាមគ្គីភាព”គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា នាព្រឹកថ្ងៃពុធ ទី១៨ មិថុនា ២០២៥នេះ បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្ដួចផ្ដើម និងរួមចំណែកដឹកនាំមហាព្រឹត្តិការណ៍ “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ជាមួយបងប្អូនជនរួមជាតិរាប់មុឺននាក់ មានប្រសាសន៍ថា៖ ការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលប្រជាជនខ្មែរគ្រប់រូប ចង់បង្ហាញប្រាប់ថា នៅពេលប្រទេសជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ហើយយើងនឹងងើបឈរដោយស្មារតីរួមគ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិ ក្នុងការការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ប្រទេស និងប្រជាជនយើង។

ឯកឧត្ដម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមគោរពថ្លែងអំណរព្រះគុណ និងអំណរគុណប្រគេន ថ្វាយ និងជូន សម្តេចសង្ឃ ព្រះតេជគុណ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រតិភូគណបក្សនយោបាយ មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាគមយុវជនគ្រប់មុខសញ្ញា សិល្បករ សិល្បការនី កីឡាករ កីឡាការិនី សិស្ស និស្សិត វិស័យឯកជន បងប្អូន KOLs ជនរួមជាតិទាំងអស់ ដែលបានមកប្រជុំគ្នាបង្ហាញកម្លាំងទឹកចិត្តស្នេហាជាតិដ៏ថ្លៃថ្លា តាមរយៈដំណើរថ្មើរជើង Solidarity March ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាប្រកបដោយទឹកចិត្ត ឆន្ទៈ ក្ដីស្រលាញ់ ដើម្បីជាតិកម្ពុជា។

គួរបញ្ជាក់ដែរថា ក្រោមការចូលរួមយ៉ាងយកចិត្តទុកដាក់បំផុតពីរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល កំពងស្ពឺ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា អ្នកសារព័ត៌មាន និងបងប្អូនប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន កម្មវិធី “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” បានប្រព្រឹត្តទៅប្រកបដោយជោគជ័យត្រចះត្រចង់ ដែលជាមហាកិត្តិយសដ៏ធំធេងជូនប្រទេសជាតិ។

ទន្ទឹមគ្នានោះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដើម្បីបន្តបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាចខាត៕