វិទ្យាស្ថានស្រាវជ្រាវធុរកិច្ច (BRIC) ស្នើកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅទីតាំងចំនួន២

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) បានមកជួបពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សា និងស្នើសុំគម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសបៃតង SEZ នៅទីតាំងចំនួន២ គឺនៅតំបន់ក្បែររាជធានីភ្នំពេញ និងមួយទៀតនៅខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) ដឹកនាំដោយលោក Yasuhiro YAMADA មន្ត្រីជាន់ខ្ពស់គោលនយោបាយមេគង្គ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) បានឱ្យដឹងថា កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការស្នើសុំការណែនាំបន្ថែមស្តីពីការវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីផែនការការងារ និងស្នើសុំការណែនាំអំពីជម្រើសទីតាំង២កន្លែង សម្រាប់គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសបៃតង SEZ នៅកម្ពុជា គឺមួយនៅតំបន់ក្បែររាជធានីភ្នំពេញ និងមួយទៀតនៅខេត្តពោធិ៍សាត់។

បន្ថែមលើនោះ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា ក៏បានស្នើដល់ក្រសួងការងារ ជួយផ្គត់ផ្គង់កម្លាំងពលកម្មក៏ដូចជាជួយបណ្តុះបណ្តាលជំនាញសម្រាប់ពួកគាត់ផងដែរ។

ជាការឆ្លើយតប លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ក្រសួងនឹងសិក្សាលើសំណើទាំងនេះ ព្រមទាំងពិនិត្យមើលលទ្ធភាពក្នុងការសម្របសម្រួលធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញបន្ថែមទៀតដល់អ្នកវិនិយោគជប៉ុន។

សូមបញ្ជាក់ដែរថា គិតចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន