ក្រសួងទេសចរណ៍ម៉ាឡេស៊ី គាំទ្រកម្ពុជាក្នុងការនាំយកជម្លោះព្រំដែនទៅដោះស្រាយតាមយន្តការ ICJ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី បានបង្ហាញការគាំទ្រចំពោះយន្តការនៃការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់កម្ពុជា តាមរយៈការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ។លោកលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់យោបល់ឱ្យភាគីទាំងពីរពង្រីកទំនាក់ទំនងទេសចរណ៍ជាមួយគ្នាឱ្យកាន់តែរីកចម្រើនតាមរយៈការបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរណ៍នៃប្រទេសទាំងពីរ ដែលជាផ្នែកមួយដ៏សំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រជាជននិងប្រជាជន ។ សម្ដេចតេជោក៏បានលើកឡើងចង់ឱ្យមានការពង្រីកជើងហោះហើរត្រង់ពីម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា ក្រៅពីការហោះហើរពីម៉ាឡេស៊ីមកកាន់ទីក្រុងភ្នំពេញ សម្ដេចបានស្នើឱ្យមានការបង្កើនជើងហោះហើរទៅកាន់ខេត្តសៀមរាប និងក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីពង្រីកនៃវិស័យទេសចរណ៍បន្ថែមទៀត។

នៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោ ក៏បានប្រាប់លោករដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ដែលបានអញ្ជើញមកដែរនោះ ដោយសម្ដេចបានស្នើឱ្យលោកនាំសាររបស់សម្ដេច ទាក់ទងទៅនឹងបញ្ហា ព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីប្រាប់ទៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះដោយសម្ដេចបានពន្យល់អំពីស្ថានភាព ពិតប្រាកដនៃការកើតឡើង នៃជម្លោះព្រំដែនកម្ពុជា និងថៃ ជាពិសេសការចាប់ផ្ដើមចេញពីការបាញ់សម្លាប់ទាហានខ្មែរ កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅនេះ ដែលជាការប្រមាថមកលើកម្ពុជា ក៏ដូចជាការឈ្លានពានមកដល់ទឹកដីកម្ពុជា។

ក្រៅពីនេះ សម្ដេច ក៏បានបញ្ជាក់ពីបញ្ហានៃការបិទច្រកព្រំដែនដោយឯកតោភាគី និងការប្រមាថ គំរាមដូចជាការគំរាមបិទអគ្គិសនី បិទអ៊ីនធឺណិតជាដើម។ សម្ដេចតេជោក៏បានលើកឡើងពីយន្តការរបស់កម្ពុជាដែលបានធ្វើ គឺការដោះស្រាយដោយសន្តិវិធី ជាពិសេសការជំរុញបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី ក៏បានលើកឡើងអំពីសក្តានុពលនៃវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសចំនួននៃការកើនឡើងភ្ញៀវទេសចរណ៍កម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី និងការកើនឡើងអ្នកទេសចរណ៍ម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជាផងដែរ។

បន្ថែមពីនេះ លោកក៏បានសន្យាថា នឹងនាំយកនូវសាររបស់សម្ដេចតេជោ ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ ហើយលោកក៏គាំទ្រចំពោះយន្តការនៃការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់កម្ពុជា ជាពិសេសយន្តការដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ៕អត្ថបទ៖ ហ្សាលីន