បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានក្រុមការងារបច្ចេកទេសអន្តរក្រសួង ត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ។

នេះបើតាមដំណើរចុះពិនិត្យដោយផ្ទាល់ ដែលដឹកនាំដោយ លោក ចាន់ តារា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ និងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានចូលរួមពីមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងពាក់ព័ន្ធ កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
ក្រសួងសាធារណការ បានឱ្យដឹងថា ការងារចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ បានចាប់ផ្តើមឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយបានបោះសរុបចំនួន ៥៥០ បង្គោល។ បន្ទាប់មក ក្រុមការងារបច្ចេកទេសនឹងយកទិន្នន័យទទួលបានរៀបចំផែនទីលម្អិតសម្រាប់ព្រែកជីកហ្វូណនតេជោ នឹងរៀបចំផែនការសកម្មភាពសម្រាប់ចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបនៅពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកថាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះមានប្រវែងជាង ១៧៤ គ.ម ត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅមក និងជៀសសគ្នាបានដោយសុវត្ថិភាព។
គម្រោងដ៏ធំសម្បើមនិងមានអត្ថន័យជាប្រវត្តិសាស្រ្តនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត។ គម្រោងនេះ ត្រូវបានរំពឹងទុកថានឹងត្រូវបញ្ចប់សាងសង់ នៅឆ្នាំ២០២៨ខាងមុខ៕ អត្ថបទ៖ ហ្សាលីន

