អភិបាលរងរាជធានីភ្នំពេញ ២រូបទៀត ទទួលការតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន

សង្គម​និង​សេដ្ឋកិច្ច

លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ​​ត្រូវ​បាន​ព្រះមហាក្សត្រ​​​ឡាយ​ព្រះហស្ត​លេខា ចេញ​ព្រះរាជក្រឹត្យ ​​តែងតាំង និង​ផ្តល់​ឋានៈ​ជា​ជំនួយការ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំឭកថា ​​កាលពី​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០២២ ព្រះមហាក្សត្រ​​​​ក៏​បាន​ឡាយ​ព្រះហស្ត​លេខា ចេញ​ព្រះរាជក្រឹត្យ តែងតាំង​​​ជំនួយការ​សម្តេច​តេជោ ហ៊ុន សែន ចំនួន​៤​រូប​ផង​ដែរ ក្នុង​នោះ​ លោក ឃ្លាំង ហួត ​​អភិបាលរង​រាជធានីភ្នំពេញ ទទួល​បាន​ការតែង​តាំង​មាន​ឋានៈ​ស្មើ រដ្ឋលេខាធិការ, លោក នុត ពុធដារ៉ា អភិបាលរង​ខេត្ត​កណ្តាល ​​មាន​ឋានៈស្មើ​ រដ្ឋលេខាធិការ, លោក ក្រូច ផាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍សែនជ័យ ​​មាន​ឋានៈស្មើ រដ្ឋលេខាធិការ និង​លោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ មាន​ឋានៈស្មើ អគ្គនាយក ផងដែរ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ (ស្តាំដៃ)

សូមជម្រាបជូនថា គណៈអភិបាលរាជធានីភ្នំពេញបច្ចុប្បន្ន មានចំនួន ១០រូប ក្នុងរួមមាន លោក ឃួង ស្រេង ជាអភិបាល និងមានអភិបាលរង ចំនួន៩រូប ដូចជា៖ លោក ស៊ុយ សេរិទ្ធ, លោក កើត ឆែ, លោកស្រី កែវ សុខពិសី, លោក មាន ចាន់យ៉ាដា, លោក នួន ផារ័ត្ន, លោក ហួត ហៃ, លោក សុខ ពេញវុធ, លោក ហ៊ុន សុរិទ្ធី និង​លោក ឃ្លាំង ហួត៕​​​