ប្រទេសកម្ពុជា និងកាហ្សាក់ស្ថាន កំពុងពិនិត្យលទ្ធភាពឱ្យមានជើងហោះហើរត្រង់ទ្វេភាគី សំដៅឈានទៅជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ នេះបើតាមជំនួបពិភាក្សារវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Kanat TUMYSH ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំកម្ពុជា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ភាគីកម្ពុជា និងកាហ្សាក់ស្ថាន បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត តាមរយៈលទ្ធភាពនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី, ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ, ការជំរុញភាពយន្តទេសចរណ៍ (film tourism), និងការពិនិត្យលទ្ធភាពឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញភ្ញៀវទេសចរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
ជុំវិញរឿងនេះដែរ ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន បានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសន្និសីទអន្តរជាតិដែលគ្រោងរៀបចំនៅសាធារណរដ្ឋកាហ្សាក់ស្ថានក្នុងឆ្នាំ២០២៦ ខាងមុខ ដែលក្នុងសន្និសីទអន្តរជាតិនោះ គ្រោងនឹងគោរពអញ្ជើញថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាចែករំលែកអំពីបទពិសោធដ៏មានតម្លែបំផុតរបស់កម្ពុជា គឺដំណើរស្វែងរកសន្តិភាព និងការកសាងនិងអភិវឌ្ឍប្រទេសមួយដែលចាប់ផ្តើមពីបាតដៃទទេ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី ហួត ហាក់ បានសាទរគំនិតផ្តួចផ្តើមនេះ ព្រោះបានផ្តល់សារៈសំខាន់ដល់គុណតម្លៃនៃសន្តិភាព និងការលំបាកក្នុងការស្វែងរកសន្តិភាពដែលត្រូវការពេលរាប់ឆ្នាំទើបសម្រេចបាន ខណៈពេលដែលពិភពលោកកំពុងស្ថិតក្នុងភាពផុយស្រួយនៃជម្លោះ និងសង្រ្គាម។
សូមជម្រាបថា តាមរយៈជំនួបនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងបានសំដែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិទេសចរណ៍នាពេលកន្លងមក តាមរយៈកំណើនប្រជាជនកាហ្សាក់ស្ថានអញ្ជើញមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំប្រមាណជិត៥.០០០នាក់៕ អត្ថបទ៖ ហ្សាលីន
