ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចជាតិ

សង្គម​ និង​សេដ្ឋកិច្ច

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ”សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនច្រើនលើសលប់ និងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។”

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសុន្ទរកថាគន្លឹះនៅឯទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ក្រោមមូលបទ “ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច” នាព្រឹកថ្ងៃទី២៦ខែមិថុនា លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាបន្តទទួលកំណើនវិនិយោគពីបរទេសខ្ពស់ ហើយវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងមានកំណើនខ្ពស់ជាងគេ ក្នុងអត្រា ៧,៨% នៅឆ្នាំ២០២៥។ និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូចនិងមធ្យម ក្នុងការចូលរួមពង្រីកពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើននិងការបង្កើនតម្លៃបន្ថែមដែលកាន់តែមានសក្តានុពល។

យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុបជិត៣លាននាក់ ក្នុងនោះមានស្រ្តី ៦០%។  វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងនៅតែជាវិស័យស្នូលសម្រាប់មហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានពិពិធកម្មខ្ពស់ និងផ្អែកលើនវានុវត្តន៍។

ព្រឹត្តិការណ៍នេះមានកម្មវីធីសំខាន់ៗចំនួន៣គឺ ការតាំងបង្ហាញផលិតផលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម កិច្ចពិភាក្សាលើប្រធានបទគន្លឹះចំនួន៤ និង “វេទិកាវេចខ្ចប់នៅកម្ពុជា” ដែលជាព្រឹត្តិការណ៍អម។ ទិវានេះត្រូវបានរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសហគ្រិនខ្មែរ អង្គការ GIZ អង្គការ UNIDO ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

យោងតាមសារលិខិត សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាជាតិ “សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីកាន់តែធំធេង និងគន្លឹះ ក្នុងដំណើរឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។”

សារលិខិតក៏បានរំលេចពីការវិវត្តរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ថាបានធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការកាន់តែច្រើន ដោយក្នុងនោះមានបុគ្គលស្វ័យនិយោជន៍ជាង ១,៥លាននាក់ បានបើកគណនីប្រើប្រាស់ QR និងម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាង ៨២០.០០០ នាក់ បានទទួលសេវាឥណទាន ស្មើនឹងជាងមួយភាគបីនៃប្រាក់កម្ចីសរុបក្នុងប្រព័ន្ធធនាគារ៕