ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. មកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន បង្ហាញឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផលកម្ពុជាដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិនថែមទៀត។


នេះបើយោងតាមរយៈជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន Wuxi Guolian Group Co., Ltd. នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសជំនួបនោះ លោក ជា វុទ្ធី បានជម្រាបទៅគណៈប្រតិភូក្រុមហ៊ុន Wuxi Guolian ពីស្ថានភាពវិនិយោគ និងស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

បន្ថែមពីនេះ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញផលិតផលកសិផលពីកម្ពុជា ពិសេសនាំទៅកាន់ទីផ្សារប្រទេសចិន។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីជំរុញតម្លៃបន្ថែមក្នុងស្រុកផងដែរ។

ជាមួយគ្នានោះ លោក ហ័រ សៀវហ្វុង ក៏បានជម្រាបជូនលោក ជា វុទ្ធី ថាក្រុមហ៊ុន Wuxi Guolian Group Co., Ltd. មានឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន។ លោក ហ័រ សៀវហ្វុង សង្ឃឹមថាតាមរយៈជំនួបនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ីក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
សូមជម្រាបជូនថា ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ជាក្រុមហ៊ុនរដ្ឋចិនដែលមានអាយុកាលប្រមាណ១០៦ឆ្នាំមកហើយ។ ក្រុមហ៊ុនចិនមួយនេះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ, ផ្សារមូលបត្រ, កម្មន្តសាល, ថាមពលបៃតង និងថាមពលកកើតឡើងវិញ។ល។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះក៏បានវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន សណ្ឋារគារ និងរថភ្លើងក្រោមដីផងដែរ៕