ព្រះមហាក្សត្រ ប្រទានព្រះរាជសារកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកកម្ម នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រទានព្រះរាជសារថ្លែងអំណរគុណជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេចតេជោ បានអញ្ជើញបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ រីរៈកងទ័ព និងប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈមនៅតាមព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នាថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងព្រះរាជសារ ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលថា “ខ្ញុំ សូមកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិដ៏ឧត្តុងឧត្តម តាំងពីដើមរហូតមកដល់បច្ចុប្បន្ន ។

ខ្ញុំសូមសម្តែងនូវហឫទ័យគាំទ្រទាំងស្រុង និងមានជំនឿជឿជាក់យ៉ាងមុតមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតី តេជោ ព្រះរាជាណាចក្រកម្ពុជា មានឯកភាពជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិយ៉ាងច្បាស់លាស់ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ”។