កម្ពុជា ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ជន​អគតិដែលបង្កើត​វីដេអូភាសាថៃបន្លំជាសំឡេងសម្ដេចតេជោ ដោយប្រើបច្ចេកវិទ្យា AI

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានប្រកាសថ្កោលទោស​ដាច់​អហង្ការចំពោះជនអគតិ​យករូបវីដេអូ​សំណេះសំណាល​របស់​​សម្ដេចតេជោ​​ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។នេះបើយោងតាមញ្ញត្តិ​ថ្កោល​ទោស ដែលចេញដោយ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈញ្ញត្តិថ្កោលទោស ក្រសួងបានលើកឡើងថា ​ការ​​បង្កើត​វីដេអូ​ក្លែង​បន្លំ​បែប​នេះ ជាការ​បង្កើត​ព័ត៌មាន​មិន​ពិត​ និង​ជា​អំពើ​ទុច្ចរិត​ដែល​មិ​ន​គួរ​អនុញ្ញាត​ឱ្យ​កើត​មាន​លើ​បណ្ដាញ​សង្គមឌីជីលគ្រប់ប្រភេទ ហើយជនបង្កត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

កន្លងមក ក្រសួង ធ្លាប់បានជូនដំណឹង​ឱ្យ​សាធារណ​ជន​ទាំង​អស់​ប្រុង​ប្រយ័ត្ន​អំពី​ករ​ណី​ឆបោក​ដោយ​ប្រើ​ប្រាស់​បញ្ញាសិប្បនិម្មិតក្លែងបន្លំជាសំឡេងសមាជិកក្រុមគ្រួសារឬមិត្តភក្ដិ។ ដូចគ្នានេះ ក្រសួង សូមអំពាវនាវដល់សាធារណជនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះវីដេអូ សំឡេង និងរូបភាពទាំងឡាយដែលមានសភាពខុសប្រក្រតី ហើយត្រូវ​ផ្ទៀង​ផ្ទាត់​ដំណឹង​ដែល​ទទួល​បាន​ជា​មួយនឹងប្រភពផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ និងស្ថាប័នសារព័ត៌មានផ្លូវការ។

ទន្ទឹមនេះ ក្រសួង ក៏បាន​អំពាវនាវដល់គ្រប់ថ្នាលទំនាក់ទំនងឌីជីថល និងអ្នកបង្កើតមាតិកាឌីជីថល ចូល​រួមលុបបំបាត់វីដេអូក្លែងបន្លំនេះ និងគ្រប់ព័ត៌មានក្លែងក្លាយ និងចាត់វិធាន​ការ​ម៉ឺងម៉ាត់​ចំពោះ​ជ​​នដែ​លបានប្រព្រឹត្ត។

ពាក់ព័ន្ធរឿងនេះដែរ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាស ជម្រាបជូនប្រជាពលរដ្ឋជ្រាបថា  មានជនខិលខូចជាជនជាតិថៃ បានបង្កើតវីដេអូក្លែងបន្លំរយៈពេល២៩វិនាទី ដោយយក រូបវីដេអូ សម្ដេចតេជោ(សំណេះសំណាលជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥) កាត់ត ជាមួយសំឡេងនិយាយជាភាសាថៃបន្លំជាសំឡេង សម្ដេចដោយប្រើបច្ចេកវិទ្យា AI ។ ហេតុនេះ សម្តេចតេជោ ក៏សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចទាំងនេះ និងត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យបានគ្រប់ៗគ្នាផងដែរ៕ អត្ថបទ៖ហ្សាលីន