សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីតម្លៃនៃសន្តិភាព “ ពេលមានសង្គ្រាម ទើបឃើញសន្តិភាពមានតម្លៃ ឯកម្ពុជាយើងបានមើលឃើញតម្លៃនៃសន្តិភាពតាំងពីសង្គ្រាមចាប់ផ្ដើមនៅឆ្នាំ១៩៧០ “មកម្ល៉េះ។

យោងតាមវីដេអូ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបង្ហោះនៅលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា៖« កម្ពុជាយើងបានមើលឃើញតម្លៃនៃសន្តិភាពតាំងពីសង្គ្រាមចាប់ផ្ដើមនៅឆ្នាំ១៩៧០ ពោលគឺ៥២ ឆ្នាំមុន។ ប៉ុន្តែយើងអត់មានជំរើសទេ ព្រោះយើងពេលនោះ ជាចំណាប់ខ្មាំងនៃសង្រ្គាម ទៅណាក៏ត្រូវធ្វើទាហាន លន់នល់ក៏គេចាប់ទាហាន ឱ្យទៅធ្វើទាហានទាំងអស់គ្នា វាយគា្នពេញបទេសចឹងទៅ»។
សម្តេចតេជោ បន្តថា ដោយសារតែសង្រ្គាម សាលារៀន វត្តអារាមវា បានបំផ្លាញទៅ ដូច្នេះបានជាកត្តាសន្តិភាពនេះ ត្រូវតែមើលឱ្យឃើញ ចាប់ផ្តើមពីចំណុចសន្តិភាពហ្នឹងហើយដែលយើងមានសន្តិភាព ដើម្បីនឹងអភិវឌ្ឍន៍។
ពាក់ព័ន្ធនឹងសន្តិភាពនេះដែរ ក្នុងពិធីអបអរសាទរខួប៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា ដែលជាថ្ងៃពលរដ្ឋកម្ពុជា រួចផុតពីរណ្តៅមរណៈ កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ថ្លែងដែរថា «សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះយើងត្រូវសាមគ្គីគ្នា រួមចិត្ដតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយ លំបាកបំផុតនេះឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្ដី»៕ អត្ថបទ៖ ហ្សាលីន

