ចំនួនភូមិជាង៩៩% នៅកម្ពុជាទទួលបានការផ្គត់ផ្គង់អគ្គិសនី

សង្គម​ និង​សេដ្ឋកិច្ច

ថាមពលអគ្គិសនី ជាផ្នែកមួយដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យេីងទាំងអស់គ្នា ។ វឌ្ឍនភាពនៃការផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ បានគ្របដណ្តប់លើភូមិចំនួន៩៩,១៥%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ កម្ពុជាមានថាមពលអគ្គិសនីផ្គត់ផ្គង់សរុប ១៩ ៤១៩ GWH, ថាមពលកកើតឡើងវិញក្នុងប្រភពភ្ជាប់ផ្ទាល់ជាមួយបណ្តាញជាតិ ៦១,១១% ភូមិដែលបានសាងសង់បណ្តាញអគ្គិសនីរួចរាល់ ៩៩,១៥% ចំនួនខ្នងផ្ទះដែលបានភ្ជាប់ចរន្តអគ្គិសនី ៩៥,២៤% និងទីតាំងនៃការតភ្ជាប់អគ្គិសនីឱ្យអ្នកប្រើប្រាស់គ្រប់ប្រភេទ ៣.៨៦លានទីតាំង។

សូមបញ្ជាក់ថា បើតាមរបាយការណ៍អាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានឱ្យដឹងថា ការអភិវឌ្ឍបង្កើនសមត្ថភាពប្រភពអគ្គិសនី អានុភាពសរុបនៃប្រភពអគ្គិសនីដែលបានអភិវឌ្ឍកើនឡើងពី ៤,៦៤៩ មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២៣ ដល់ ៥,០៤៤មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២៤។ ឯបរិមាណថាមពល ដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនីខាងលើ បានកើនឡើងពី ១៦,៨០៤លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ ២០២៣ មក ១៩,៤១៩លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២៤។

របាយការណ៍ដដែល បានបញ្ជាក់ថា «រហូតដល់ចុងឆ្នាំ២០២៤ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ៩៩,១៥% គឺកើនឡើងចំនួន ០,២៨% បើប្រៀបធៀបឆ្នាំ២០២៣ ដែលមកដល់ចុងឆ្នាំ ២០២៤ នេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ១២០»។

បើតាមអាជ្ញាធរអគ្គិសនីកម្ពុជា ផ្អែកតាមគម្រោងផែនការ ក្នុងឆ្នាំ២០២៥ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ៥១ ភូមិទៀត។ ដូច្នេះ នៅក្រោយឆ្នាំ២០២៤ អាចសល់ភូមិចំនួន ៦៩ ត្រូវជា ០.៤៩% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។ ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជា ភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំងតំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់រស់នៅបណ្តែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់ នៅរាយប៉ាយ តំបន់តាំងទីលំនៅថ្មី ជាដើម ដែលត្រូវការទុនយ៉ាងច្រើន ប្រសិនបើយើងត្រូវអភិវឌ្ឍការផ្គត់ផ្គង់ពីប ណ្តាញជាតិទៅកាន់ទីនោះ។