សម្តេចធិបតី ហួសចិត្តនឹងសម្តីអ្នកនយោបាយថៃ ដែលថាកម្ពុជាជាអ្នករៀបចំផែនការឱ្យមានជម្លោះផ្ទៃក្នុងថៃ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការហួសចិត្ត និងអស់សំណើចនឹងសម្តីអ្នកនយោបាយថៃ ដែលលើកឡើងថា បញ្ហាផ្ទៃក្នុងប្រទេសរបស់ថៃបច្ចុប្បន្ន គឺកើតឡើងដោយសារតែកម្ពុជាជាអ្នករៀបចំផែនការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកាលព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

នាឱកាសនោះ សម្តេចធិបតី បានបញ្ជាក់ថា កន្លងមក កម្ពុជារក្សាភាពអត់ធ្មត់ណាស់ ព្រោះមិនចង់លូកដៃផ្ទៃក្នុងរបស់ប្រទេសគេ តែបែរជាមកទម្លាកកំហុស និងដាក់សម្ពាធមកលើកម្ពុជា ហើយថែមទាំងចោទកម្ពុជាថាជាអ្នករៀបចំផែនការឱ្យមានជម្លោះផ្ទៃក្នុងប្រទេសថៃទៅវិញទៀត។សម្តេចថា កម្ពុជា ពុំបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃ ដូចការចោទប្រកាន់របស់ថៃនោះទេ ហេតុនេះសូមបញ្ឈប់ការលាបពណ៌ដល់កម្ពុជាទៀតទៅ។

ទន្ទឹមគ្នានេះ សម្តេចថា  កម្ពុជានៅតែបន្តដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងច្បាប់អន្តរជាតិដដែល ហើយកុំឃើញកម្ពុជាស្ងៀមស្ងាត់កុំគិតថា កម្ពុជាខ្លាចខ្លួនឱ្យសោះ កម្ពុជាមានលទ្ធភាពឆ្លើយតបគ្រប់ពេលវេលាទាំងអស់។ជាងនេះទៀត សម្តេចបានសង្កត់ធ្ងន់ថា កម្ពុជា អត់លឹបលៗទេ កម្ពុជារងចាំអ្នកមានសិទ្ធិពិតប្រាកដ អ្នកមានអំណាចពិតប្រាកដរបស់ថៃ មកដោះស្រាយជាមួយកម្ពុជា។ ការចរចារឿងព្រំដែនក៏ដោយអាចដោះស្រាយទៅបានទាល់តែមានការបើកច្រកជាឯកតោភាគីរបស់ថៃឡើងវិញសិន។

បន្ថែមពីនេះ សម្ដេចធិបតី បានបញ្ជាក់ដែរថា កម្ពុជាមិនចាំបាច់មាត់អួតដូចគេ បន្ដិចថា៥នាទីយន្តហោះមកទម្លាក់គ្រាប់បែក, បន្តិចចង់វ៉ៃយកខេត្តនេះខេត្តនោះរបស់កម្ពុជាទេ ប៉ុន្ដែកម្ពុជាបញ្ជាក់ហើយថា តែកុំចូលមកកម្ពុជា កម្ពុជាសូមតែសិទ្ធិការពារខ្លួនទេ ប៉ុន្ដែក្នុងការការពារក៏មានយុទ្ធវិធីវ៉ៃបកដែរ។

ជាថ្មីម្តងទៀត សម្ដេចធិបតីនាយករដ្ឋមន្រ្ដី នៅបញ្ជាក់ជាថ្មីថា នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ជាតំបន់ដែលមិនទាន់ចរចាដាច់ស្រេច មិនអាចឱ្យនរណាអាចកំណត់ជារបស់ខ្លួនជាឯកតោភាគីបានឡើយ ហេតុនេះ សូមភាគីថៃក្លាហានដោះស្រាយនៅតុលាការអន្តរជាតិ ICJ៕អត្ថបទ៖ហ្សាលីន