សម្តេចធិបតី៖ ការបិទព្រំដែនជាមួយថៃ មិនធ្វើឱ្យប៉ះពាល់សន្តិសុខស្បៀងកម្ពុជានោះឡើយ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងវិស័យកសិកម្ម, រាជរដ្ឋាភិបាល​នៅតែបន្តផ្តល់អាទិភាព ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីនៅខេត្តតាកែវ កាលព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតីថា កម្ពុជា ក្លាយជាប្រទេសដែលធានាបាននូវសន្តិសុខស្បៀង គឺដោយសារកត្តា២ គឺ៖ សន្តិភាព និងគោល នយោបាយ។ ជាក់ស្តែង, ពីមុនកម្ពុជាធ្លាប់ជាអ្នកធានាក្នុងការផលិត និងផ្គត់ផ្គង់ស្បៀង ក៏ប្រែក្លាយទៅជាប្រទេសនាំចូលផលិតផលស្បៀងពីខាងក្រៅ ក្នុងពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម, តែ បច្ចុប្បន្ន, រាជរដ្ឋាភិបាលបានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវការផ្គត់ផ្គង់ស្បៀង និង នាំចេញ ដែលចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ សម្តេចធិបតីថា ការបិទព្រំដែនជាមួយថៃ មិនធ្វើឱ្យប៉ះពាល់សន្តិសុខស្បៀងនោះឡើយ ហើយក៏ធានាបានការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់កម្ពុជាផងដែរ។សម្តេចបន្ថែមថា គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជាយកឈ្នះលើការគំរាមទាំងឡាយរបស់ថៃ។

ឆ្លៀតឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរៀបចំគោលនយោបាយវិនិយោគ លើវិស័យកសិឧស្សាហកម្មនៅភាគខាងលិចប្រទេស ដើម្បីជំរុញការផលិត និងនាំចេញផងដែរ។

ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទោះបីពិភពលោកស្ថិតក្នុងកំដៅនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចស្មុគ្រស្មាញ, ការពិបាកព្យាករទុកជាមុននៃសេដ្ឋកិច្ចពិភពលោក, ជម្លោះពាណិជ្ជកម្ម និងសង្គ្រាមក្នុងតំបន់មួយចំនួនដែលបាននិងកំពុងមានកម្មវិបាកអវិជ្ជមាន ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្តី, រាជរដ្ឋាភិបាលនៅតែជម្នះបានគ្រប់ឧបសគ្គ និងសម្រេចបានកំណើនសេដ្ឋកិច្ច​ល្អ​ប្រសើរ​ជាបន្តបន្ទាប់៕ អត្ថបទ៖ ហ្សាលីន