ក្រុមហ៊ុនជប៉ុន មានផែនការរៀបចំម៉ាស៊ីនកែច្នៃសំរាម ជួយឧបត្ថម្ភការសិក្សាសិស្សក្រីក្រតាមតំបន់ដាច់ស្រយាល

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងបរិស្ថានបានសហការជាមួយក្រុមហ៊ុនជប៉ុន GOMI RECYCLE110 CO., LTD ដើម្បីឧបត្ថម្ភការសិក្សាដល់សិស្ស-និស្សិតក្រីក្រនៅតាមសាលាជនបទដាច់ស្រយាល តាមរយៈការកែច្នៃសំរាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសហប្រតិបត្តិការនេះកើតចេញពីជំនួបរវាងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Yusuke Okumura ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

ក្រុមហ៊ុន GOMI RECYCLE110 CO., LTD មានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការកែច្នៃ និងគ្រប់គ្រងសំណល់នៅកម្ពុជា បានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន។ ក្រុមហ៊ុនមានផែនការរៀបចំម៉ាស៊ីនកែច្នៃសំរាមប្លាស្ទិក អំបែងដប និងសំណល់ផ្សេងៗ ដែលអាចដំណើរការបានសូម្បីនៅតំបន់ដាច់ស្រយាល ដើម្បីផលិតជាសម្ភារៈប្រើប្រាស់។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ ហើយលោកបានជំរុញឱ្យក្រុមហ៊ុនចាប់ផ្ដើមដាក់ម៉ាស៊ីនកែច្នៃសំរាមស្តង់ដារជប៉ុននេះ នៅតាមស្រុកមួយនៃខេត្តជាតំបន់គោលដៅ ជាការសាកល្បងជាមុនសិន រួចចាំបន្តឱ្យបានពេញក្នុងខេត្តទាំងអស់ ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យខ្ពស់។ ក្រសួងនឹងផ្តល់សំរាមប្លាស្ទិក និងសំណល់ដែលសិស្សានុសិស្សប្រមូលបានពីយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ឱ្យក្រុមហ៊ុនយកទៅកែច្នៃ។ ចំណែកថវិកាដែលបានពីការលក់ផលិតផលកែច្នៃនឹងត្រូវយកមកឧបត្ថម្ភគាំទ្រការសិក្សារបស់សិស្ស-និស្សិតនៅតាមសាលាជនបទ។

សូមបញ្ជាក់ថា ការវិនិយោគក្នុងការកែច្នៃសំរាមប្លាស្ទិកនៅតាមតំបន់ឆ្ងាយៗនេះ គឺស្របតាមអនុសាសន៍ និងវត្ថុបំណងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីជាការជំរុញឱ្យកម្ពុជាស្អាត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឈានឆ្ពោះទៅសម្រេចទស្សនវិស័យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕