នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តីនណាម (កម្ពុជា-វៀតណាម) ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែលបានខិតខំកសាងច្រកអន្តរជាតិនេះឡើង សម្តេចបញ្ជាក់ថាតាមរយៈច្រកអន្តរជាតិម៉ឺនជ័យនេះ និងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសផលិតកសិផល កសិកម្មរបស់ប្រជាពលរដ្ឋដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរខិតខំ ប្រែក្លាយតំបន់ព្រំដែននេះឲ្យក្លាយទៅជាព្រំដែន សុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តីនណាម (កម្ពុជា-វៀតណាម) ដំបូងឡើយ ទីតាំងនេះជាច្រករបៀងដែលប្រជាជនរស់នៅទាំងសងខាងតែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក។ក្នុងអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតជាច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងកម្រិតច្រកទ្វារតំបន់ ព្រំដែនម៉ឺនជ័យ ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឹនជ័យ” តាមលិខិតលេខ ៦៣៥ ស.ជ.ណ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី។
ចំពោះភាគីវៀតណាម បានឯកភាពដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនតឺនណាម ទៅជា “ច្រកទ្វារ ព្រំដែនអន្តរជាតិ តឺនណាម នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧។ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម (កម្ពុជា-វៀតណាម) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ជាបណ្តោះអាសន្នកម្រិតថ្នាក់ខេត្ត គឺខេត្តព្រៃវែង ខេត្តតៃនិញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

សូមជម្រាបថាបន្ថែមថា ខេត្តព្រៃវែងគ្រោងនឹងរៀបចំកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធរខេត្តតៃនីញ អំពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណា ក្រោមអធិបតីខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ច្រកទ្វារនេះមានទំហំផ្ទៃដីសរុបចំនួន ៨៩,៥៧៧ម៉ែត្រការេ ដោយបានដោះស្រាយផលប៉ះពាល់ជូនអ្នកពាក់ព័ន្ធបានរួចរាល់នៅឆ្នាំ២០២០ និងបានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ៖
អគារបំពេញបែបបទចេញ-ចូលបណ្តោះអាសន្នចំនួន០១ខ្នង ទំហំ៤៥x៧,៣ម៉ែត្រ ស្មើរនឹង០៦បន្ទប់ សាងសង់ក្នុងឆ្នាំ២០១៩។ ខ្លោងទ្វាររូបប្រាសាទអង្គរវត្តចំនួន០១ ប្រវែង២២,៤ម៉ែត្រ កម្ពស់១៧ម៉ែត្រ សាងសង់ក្នុងឆ្នាំ២០២០។ អគារបំពេញបែបបទចេញ-ចូលជាសំណង់រឹងមាំ ចំនួន០២ខ្នង ដោយមួយខ្នងមានទំហំ៤៤x១៥ម៉ែត្រ ស្មើរនឹង ១៤បន្ទប់ សាងសង់នៅឆ្នាំ២០២០៕



