ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ជាក្រុមហ៊ុនដ៏ធំមួយរបស់ចិនមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំ ក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) បានបង្ហាញពីបំណងស្វែងរកទីតាំងថ្មីនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE)។

ការបង្ហាញពីបំណងរបស់ក្រុមហ៊ុននេះនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. មកពីខេត្តហឺប៉ី ប្រទេសចិន នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា ដូចជា របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។

នាឱកាសនោះ លោក លាវ គួយស៊ី បានជម្រាបថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។
ជាមួយគ្នានេះ លោក លាវ គួយស៊ី ក៏បានបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកទីតាំងថ្មីនៅកម្ពុជាបន្ថែម ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដោយមានតម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ ១០ខ្សែបន្ថែមទៀត។

ជាការឆ្លើយតប លោកអគ្គលេខាធិការ បានសម្តែងនូវការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន។ លោកក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមាធ្វើជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថានដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. មានវត្តមានវិនិយោគនៅកម្ពុជារួចហើយ ដោយក្រុមហ៊ុននេះបានសហការជាមួយក្រុមហ៊ុន Medtecs MSEZ Corp.,Ltd បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀង៕

