រយៈពេល១៥ឆ្នាំ កន្លងមកនេះ មូលនិធិសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច( EDCF )តាមរយៈធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បានផ្តល់នូវឥណទានសម្បទានប្រមាណ ១ ៩៤៦លានដុល្លារអាមេរិក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដៃគូធំបំផុតទី៣ របស់ EDCF។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងនៅក្នុងជំនួបជាមួយលោកស្រី Minnie Chey នាយិកា ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៨ កក្កដាថាពិតជាមានសារៈសំខាន់ណាស់នៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូនានា ជាពិសេសជាមួយធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ក្នុងការអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើន។
ជាក់ស្តែងលោកថារយៈពេល ១៥ឆ្នាំ កន្លងមកនេះ មូលនិធិ EDCF តាមរយៈធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ផ្តល់នូវឥណទានសម្បទានប្រមាណ ១ ៩៤៦លានដុល្លារអាមេរិក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដៃគូធំបំផុតទី៣ របស់ EDCF។
កិច្ចសហប្រតិបត្តិការនេះ បានឈានទៅមួយកម្រិតទៀតក្រោយដំណើរទស្សកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលកូរ៉េបានប្តេជ្ញាចិត្តបង្កើនការផ្តល់ឥណទានសម្បទានរហូតដល់ ៣ ០០០ លានដុល្លារអាមេរិក សម្រាប់កម្ពុជាពីឆ្នាំ២០២២-២០៣០ ។ ក្រោមហិរញ្ញប្បទាន EDCF ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានគម្រោងចំនួន ៧ គម្រោង ដែលមានថវិកាសរុបប្រមាណ ជាង ៤០០ លានដុល្លារអាមេរិក។

លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា គម្រោងទាំងនោះ បាននិងកំពុងស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុងប្រវែងជាង ១ ៧០០គ.ម និងស្ពានបេតុងចំនួន ៤២ ប្រវែងសរុបប្រមាណ ២,៤គ.ម ព្រមទាំងសំណង់សិល្បការ្យជាច្រើន។
លោករដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ក៏បានសំណូមពរចំពោះ ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បន្តគាំទ្រគំនិតផ្តួចផ្តើមនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូចជា ការអភិវឌ្ឍភូមិគំរូគន្លឹះនៅជនបទរបស់ក្រសួង ដែលជាផែនការសកម្មភាពមួយដែលក្រសួងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍឆាប់រហ័ស។

លោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េប្រចាំនៅកម្ពុជា បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង ក្រសួងអភិវឌ្ឍន៍ជនបទ និង Korea Eximbank ក្នុងការអនុវត្តគម្រោងក្រោមហិរញ្ញប្បទាន EDCF នាពេលកន្លងមក។
លោកស្រីបានបន្តថាក្នុងបេសកកម្មរបស់លោកស្រីអស់រយៈពេលជាង ៣ឆ្នាំ កន្លងមកនេះ បានយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃផ្លូវជនបទ ដែលជាសរសៃឈាមសេដ្ឋកិច្ចមួយដែលមិនអាចខ្វះបាន។ លើសពីនេះផ្លូវទាំងនោះត្រូវមានទាំងគុណភាព និងបរិមាណទើបអាចបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋបាន។ ក្នុងន័យនេះលោកស្រី ក៏បានទទួលយកសំណើរបស់ លោក ឆាយ ឫទ្ធិសែន ក៏ដូចជាបានសន្យាបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងភាពជាដៃគូបន្ថែមទៀត៕



