(រាជធានីភ្នំពេញ)៖ មហាព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំបំផុត និងជាពិព័រណ៍អាពាហ៍ពិពាហ៍លើកទី ២ ប្រចាំឆ្នាំ២០២៥ ដែលបណ្ដុំទៅដោយក្រុមហ៊ុនផ្តល់សេវាកម្មរៀបចំពិធីមង្គលការដ៏សម្បូរបែប រួមមានទាំង សម្អាងការ ចុងភៅ ពិធីការ ការតុបតែង ថតរូប ភេសជ្ជៈ គ្រឿងអលង្ការរួមទាំងសេវាកម្មពាក់ព័ន្ធជាច្រើន នឹងរួមគ្នាប្រមូលផ្តុំគ្រប់សេវាកម្មអាពាហ៍ពិពាហ៍ទាំងអស់ មកដាក់តាំងបង្ហាញពីផលិតផលសេវាកម្មនីមួយៗ រយៈពេលបីថ្ងៃនៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនធ័រ សែនសុខ រាជធានីភ្នំពេញនៅថ្ងៃទី ១៨ – ១៩ – ២០ ខែកក្កដា ខាងមុខនេះ។

មហាព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍សប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ ២០២៥ នៅកម្ពុជា នឹងមានការអញ្ជើញចូលរួមសម្ពោធបើក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមជាមួយគណៈអធិបតី អ្នកមុខអ្នកការគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។ កាន់តែរំភើបអស្ចារ្យគឺ ដឹ ព្រេមៀ សែនធ័រ សែនសុខ នឹងមានរៀបចំធ្វើពិធីរៀបមង្គលការជូនគូស្រករគ្មានលទ្ធភាពចំនួន ៥ គូទូទាំងប្រទេស។
លោក មាន សំអុល នាយកគ្របគ្រងការអភិវឌ្ឍន៍អាជីវកម្ម តំណាង ដឹ ព្រេមៀ សែនធ័រ សែនសុខ មានប្រសាសន៍ថា៖ “ការរៀបចំពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណង ប្រមូលផ្តុំគ្រប់សេវាកម្មអាពាហ៍ពិពាហ៍ទាំងអស់មកដាក់តាំងបង្ហាញពីផលិតផល សេវាកម្មនីមួយៗក្នុងថ្ងៃតែមួយ ផ្ដល់ងាយស្រួលដល់ គូស្វាមីភរិយាថ្មីរដូវកាលថ្មីត្រៀមខ្លួននិងស្វែងយល់បាននូវការសម្រេចចិត្ត ថែមទាំងចំណេញពេលវេលាក្នុងការរៀបចំប្រកបដោយប្រសិទ្ធភាព។ ម៉្យាងវិញទៀត មហាព្រឹត្តិការណ៍ក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដែលជាអត្តសញ្ញាណជាតិដែលមិនអាចខ្វះបាន ជាពិសេស ការបង្ហាញទម្រង់សម្លៀក បំពាក់ប្រពៃណីស្របតាមពេលវេលា និងសម័យកាលប្រកបដោយក្រិតក្រមបានត្រឹមត្រូវបំផុត។

លោក បន្ថែមថា៖ “យើងសង្ឃឹមថា ការរៀបចំពិព័រណ៍នេះនឹងផ្តល់ឲ្យលោកអ្នកនាងបានទទួលនូវអារម្មណ៍កាន់តែរំភើប ទន្ទឹងរងចាំចូលរួមក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ ២០២៥ នេះដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តកក្រើកធំជាងគេក្នុងរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ សូមស្ថាប័នដៃគូផ្សព្វផ្សាយ ជួយផ្សាយបន្តនូវពត៌មានដ៏រំភើបនេះទៅកាន់សាធារណៈជនឲ្យបានជ្រាប និងចូលរួមឲ្យបានច្រើនកុះករទទួលយកនូវឱកាសដ៏កម្រនិងបទពិសោធន៍ដ៏អស្ចារ្យនេះ។
អ្វីដែលពិសេសនោះគឺ ពិព័រណ៍ ក៏បានរៀបចំការប្រគុំតន្ត្រីខ្នាតធំដោយកំពូលតារាចម្រៀង លោក ជី ដេវិត លោកលឹម តិចម៉េង នឹងលោកទេព ពិសិដ្ឋក៏ដូចជាសិល្បៈករសិល្បៈការនី ជាច្រើនរូបទៀត នឹងមានរៀបចំជាកន្លែងកូនក្មេងតូចៗកម្សាន្ត Kid Playground យ៉ាងធំទូលាយទំហំជិត ១០០០ម៉ែត្រការ៉េ មានស្តង់អាហាររាប់សិបស្តង់សម្រាប់អតិថិជនទទួលទានអាហារផងដែរ ដើម្បីត្រៀមទទួលអតិថិជន មកទទួលទាននៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនធ័រ សែនសុខ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា មហាព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី ២ នឹងមានរៀបចំនូវវេទិកាតុពិភាក្សាទាក់ទងនឹងចំណេះដឹងជាច្រើនទៀតដូចជា ការយល់ដឹងពីប្រវត្តិភ្លេងការទំនៀមទម្លាប់ ដេញពេលវេលាថ្ងៃរៀបមង្គលការ និងសេដ្ឋកិច្ចប្រចាំថ្ងៃទាក់ទងនឹងសេវាកម្មផ្គត់ផ្គង់អាពាហ៍ពិពាហ៍ផងដែរ៕

























