សម្តេចតេជោ៖ ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ជួយជំរុញសេដ្ឋកិច្ចកម្ពុជា និងតំបន់អាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នាព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ នៅសណ្ឋាគារសុខា ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាព សង្គម-សេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ឱ្យកាន់តែខ្លាំងឡើងថែមទៀត។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន​អាស៊ានឆ្នាំ ២០២២ បានលើកឡើង ទីក្រុងឆ្លាត មិនត្រឹមតែនឹងក្លាយជាប៉ូលយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ក្រៅពីនេះទីក្រុងឆ្លាតក៏បានផ្ដល់ឱកាសការងារ មុខរបរ និង អាជីវកម្ម ដល់ប្រជាជនទូទៅ ក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ានទាំងមូលផងដែរ។

ជាងនេះទៀត សម្តេចអះអាងថា ទីក្រុងឆ្លាតមានសក្តានុពលខ្ពស់ក្នុងការដោះស្រាយបញ្ហាទូទៅ នៃការរៀបចំនគរូបនីយកម្ម ប្រកបដោយនវានុវត្តន៍ ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និងជាពិសេសលើកកម្ពស់ សុខុមាលភាព និងវិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតី- ភាពថ្មីថែមទៀតផង។

គួរបញ្ជាក់ថា បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើង​នៅក្នុងឆ្នាំ ២០១៨ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ ២០២៥, ​ផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ ២០២៥ និងផែនការ ការងារលើកទី ៣ ស្ដីពីគំនិតផ្ដួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន និងការប្ដេជ្ញាសម្រេចឱ្យបាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ និងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី។នេះបើតាមការបញ្ជាក់បន្ថែមពី សម្តេចតេជោ ហ៊ុន សែន៕