ធនាគារពិភពលោក ត្រៀមកម្ពុជាឱ្យសម្រេចបាននូវអន្តរកាលទៅប្រើប្រាស់យានយន្តអគ្គិសនីនៅលើដងផ្លូវ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាអាចសម្រេចបានគោលដៅដ៏មានមហិច្ឆិតារបស់ខ្លួនក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពនៅចុងខែមីនានេះ បានឱ្យដឹងថា នៅក្នុងខែធ្នូ ឆ្នំា២០២១កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមានអាព្យាក្រឹតកាបូននៅត្រឹមឆ្នំា២០៥០ នៃរថយន្តនិងរថយន្តសាធារណៈក្នុងទីប្រជុំជនជាយានយន្តអគ្គិសនី នៅត្រឹមឆ្នំា២០៥០។លើសពីនេះរាជរដ្ឋាភិបាលបានកំណត់គោលដៅពង្រីកសមត្ថភាពនៃមធ្យោបាយដឹកជញ្ជូនសាធារណៈឱ្យបំពេញបានរហូតដល់ទៅ៣០%នៃតម្រូវការដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីផ្សារគិតត្រឹមឆ្នាំ២០៥០។

បើតាមធនាគារពិភពលោកស្របគ្នានឹងការបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួនយានយន្តសរុបដែលកំពុងធ្វើចរាចរនៅលើដងផ្លូវ តាមការប៉ាន់ស្មាន អាចនឹងឡើងពី៦លានគ្រឿង នាពេលបច្ចុប្បន្នទៅដល់៨លានគ្រឿងនៅឆ្នំា២០៣០ និង១៤លានគ្រឿងនៅឆ្នំា២០៥០។ខណៈបច្ចុប្បន្ន ចំនួនរថយន្តអគ្គិសនីដែលធ្វើចរាចរលើដងផ្លូវក្នុងប្រទេសកម្ពុជាមានតិចជាង១ពាន់គ្រឿងប៉ុណ្ណោះ។

លោក ស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចំាកម្ពុជា មានប្រសាសន៍ថា« គោលដៅនៃដំណើរឆ្ពោះទៅប្រើយានយន្តអគ្គិសនីគឺអាចសម្រេចបាន ហើយវានឹងជួយកម្ពុជាឈានទៅដល់គោលដៅអព្យាក្រឹតភាពកាបូនប្រកបដោយមហិច្ឆិតាករបស់ខ្លួន»។

លោកស្រីលើកឡើងថា តែទោះជាយ៉ាងណាក៏ដោយ គោលដៅនេះទាមទារឱ្យមានការវាយតម្លៃដោយប្រុងប្រយ័ត្នលើការផ្លាស់ប្តូរនេះ  ដោយសារបច្ចុប្បន្នប្រជាជនកម្ពុជា ទទួលបានអត្ថប្រយោជន៍ច្រើនតាមរយៈការប្រើប្រាស់យានយន្តជជុះតម្លៃទាប ដែលនាំចូលពីបរទេស ប៉ុន្តែវាបាននាំមកនូវការខាតបង់ធំដល់បរិស្ថាន ហើយក៏នឹងអាចជាឧបសគ្គមួយដល់ការកើនឡើងនូវការប្រើប្រាស់យានយន្តអគ្គិសនី។ យើងប្តេជ្ញាជួយរាជរដ្ឋាភិបាលនៅក្នុងអន្តរការនេះនិងស្វែងរកមធ្យោបាយដែលអាចធ្វើទៅបាននៅក្នុងដំណើរទៅមុខ»។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ថា« ការលើកម្ពស់យានយន្តអគ្គិសនីជាឱកាសមួយសម្រាប់កម្ពុជាក្នុងការកាត់បន្ថយបំភាយកាបូនក្នុងការដឹកជញ្ជូន សម្រេចបាននូវមហិច្ឆិតានៃការរួមចំណេកតាមការកំណត់របស់ជាតិ និងឈានដល់អព្យាក្រឹតភាពនៃកាបូននៅឆ្នំា២០៥០។លើសពីនេះវានឹងជួយកម្ពុជាក្នុងការធ្វើសមាហរណកម្មទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងពិភពលោកជំរុញការអភិវឌ្ឍឧស្សាហកម្មនិងការបង្កើតការងារទៀតផង»។

បើយោងតាមធនាគារពិភពលោក ដើម្បីធានាបានថាយានយន្តអគ្គិសនីមានវត្ថមានធ្វើចរាចរលើដងផ្លូវច្រើនជាងយានយន្តប្រើសំាងឬប្រេងម៉ាស៊ូត កម្ពុជាចំាបាច់ត្រូវធ្វើកំណែទម្រង់បទប្បញ្ញត្តិនៃករនាំចូលនិងប្រើប្រាស់យានយន្តដោយប្រើវិធីសាស្ត្ររឹតបន្តឹងបន្តិចម្តងៗ ហើយនៅក្នុងនោះគួរតែអនុវត្តគោលនយោបាយដែលតម្រូវលែងឱ្យមានយានយន្តដែលប្រើសំាង ឬប្រេងម៉ាស៊ូត ធ្វើចរាចរលើដងផ្លូវតទៅទៀត នៅពេលដែលអាយុកាលរបស់វាចូលដល់រយៈពេលជាក់លាក់ណាមួយ។វិធីនេះនឹងបង្កើនតម្រូវការសម្រាប់យានយន្តថ្មីនិងជួយបើកផ្លូវឱ្យយានយន្តអគ្គិសនីចូលក្នុងទីផ្សារឱ្យបានកាន់តែលឿន។សម្រាប់រយៈពេលខ្លីខាងមុខ ម៉ូតូ និងយានកង់បីប្រើអគ្គិសនី ត្រូវបានរំពឹងទុកថានឹងដើរតួនាំមុខនៅក្នុងអន្តរកាលឆ្ពោះទៅការប្រើយានយន្តអគ្គិសនី នៅក្នងប្រទេសកម្ពុជា៕តាកែវ