ក្រោយមើលឃើញទីផ្សារថ្មសំណង់គ្រប់គ្រាន់ ក្រសួងរ៉ែសម្រេចផ្អាកចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ បណ្ណោះអាសន្ន

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងរ៉ែ និងថាមពល សម្រេចផ្អាកការចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ក្រោយមើលឃើញថា ទីផ្សារថ្មសំណង់មានភាពគ្រប់គ្រាន់ ប៉ុន្តែប្រសិនជាស្ថានភាពរ៉ែថ្មសំណង់ខ្វះខាត នឹងចាប់ផ្តើមផ្តល់អាជ្ញាប័ណ្ណឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការ រ៉ែថ្មសំណង់ និងការប្រកាស ស្តីពីការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា នាថ្ងៃទី២ ធ្នូនេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ បានបញ្ជាក់ថា ឥឡូវនេះថ្ម សំណង់វាគ្រប់គ្រាន់លើសតម្រូវការទៅទៀត ហើយចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះទៅ សំណុំលិខិតទាំងឡាយដែលបានដាក់មកដល់ក្រសួងហើយនឹងចេញឱ្យ តែក៏ជាថ្ងៃចាប់ផ្តើមផ្អាក ជាបណ្តោះអាសន្ន ការចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ត្រឹមនឹងសិនចុះ។ លោកថា ពេលណាដែលគិតថាខ្វះខាត ចាំគិតគូរចេញឱ្យទៀត ឥឡូវនឹងផ្អាកពីថ្ងៃនេះជាបណ្តោះអាសន្នសិន ពីព្រោះអីមានច្រើនហើយ។

គិតត្រឹមឆ្នាំ ២០២២នេះ ក្រសួងរ៉ែ បានផ្តល់អាជ្ញាបណ្ណដល់អាជីវកម្មរ៉ែបើកអណ្តូងរ៉ែ និងអាជីវកម្មវាយថ្ម បានចំនួន ៤៧៨ កន្លែង ឧស្សាហកម្មរ៉ែ ចំនួន ២១កន្លែង អាជ្ញាបណ្ណរុករករ៉ែចំនួន ៣៤កន្លែង។​ នេះបើតាមលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល នាពេលកន្លងទៅ។

លោក អ៊ឹង ឌីប៉ូឡា បន្តថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលប្រមាណ ២០លានដុល្លារ ចាក់ចូលទៅក្នុងថវិកាជាតិ ខណៈកាលពីឆ្នាំ ២០២១ ក្រសួង ប្រមូលចំណូលបានជាង ៣៥ លានដុល្លារ និងឆ្នាំ ២០២០ បានចំណូល ២៥លានដុល្លារ។​ 

លោកបន្ថែមថា ក្រៅពីចំណូល ដែលសម្បទានិក បានបង់តាមរបបស្វ័យប្រកាស ក្រសួងរ៉ែ និងថាមពល បានចុះត្រួតពិនិត្យភាពអនុលោម និងផ្ទៀងផ្ទាត់បរិមាណផលិតកម្ម ដោយប្រមូលចំណូលបន្ថែម នៅក្នុងរយៈពេល ៣ឆ្នាំ (២០២០ដល់២០២២) បានចំនួន ៦ ១៥៨ ៣១៧,៦២ ដុល្លារអាមេរិក និងផាកពិន័យចំនួន ៤៦ ៦៦០,៥៧ ដុល្លារ៕