គិតមកដល់សព្វថ្ងៃនេះ កម្ពុជាបានចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ ឬ GI ជាតិសរុបបានចំនួន ៦មុខ ខណៈក៏បានប្តេជ្ញាចិត្តបន្តចូលរួមយ៉ាងសកម្ម ដើម្បីលើកកម្ពស់ផលិតផលជាតិ ពិសេសផលិតផលមានសក្តានុពល GI ផងដែរ។

នេះបើតាមប្រសាសន៍របស់លោក អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា ថ្លែងក្នុងឱកាសប្រារពខួប ១០ឆ្នាំ នៃអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។
នាឱកាសនោះ លោករដ្ឋលេខាធិការ បានសម្ដែងពីមោទនភាពរបស់កម្ពុជា ក្នុងនាមជាប្រទេសដំបូងគេដែលបានចូលជាសមាជិកនៃអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រកាលពីឆ្នាំ២០១៨ និងជាប្រទេសដំបូងគេដែលទទួលបានការការពារជាអន្តរជាតិ តាមរយៈការចុះបញ្ជី «ម្រេចកំពត» ដែលជាផលិតផលជាតិមានអត្តសញ្ញាណវប្បធម៌ និងមរតកប្រវត្តិសាស្ត្រ ក៏ដូចជាការអភិវឌ្ឍរបស់សហគមន៍កសិករកម្ពុជានៅក្នុងខេត្តកំពត ផងដែរ។

លោកបន្តថា មកដល់បច្ចុប្បន្ននេះ កម្ពុជាបានចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ ឬ GI ជាតិសរុបបានចំនួន ៦ រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី សូត្រតាកែវ និងអង្ករក្រអូបព្រះវិហារ។ ដោយឡែកផលិតផលសម្គាល់ភូមិសាស្ត្រ ដែលបានចុះបញ្ជីក្រោមប្រព័ន្ធ Lisbon មានដូចជា ម្រេចកំពត និងអំបិលកំពត-កែប ដោយបានទទួលសិទ្ធិការពារជាអន្តរជាតិតាមរយៈអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រ ព្រមទាំងជួយពង្រឹងសមត្ថភាពដឹកនាំម៉ាក ការបន្ថែមតម្លៃ និងទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់ផងដែរ។
សូមជម្រាបដែរថា តាមរយៈខួប ១០ឆ្នាំ នៃអនុសញ្ញាទីក្រុងហ្សឺណែវនេះដែរ កម្ពុជា ក៏បានប្តេជ្ញាចិត្តបន្តចូលរួមយ៉ាងសកម្មជាមួយប្រព័ន្ធ Lisbon និងអង្គការ WIPO ដើម្បីលើកកម្ពស់ផលិតផលជាតិ ពិសេសផលិតផលមានសក្តានុពល GI ដើម្បីចុះបញ្ជីការពារនៅក្នុងប្រព័ន្ធ Lisbon ទៅកាន់ឆាកអន្តរជាតិ និងជាផ្នែកមួយនៃការចូលរួមសម្រេចបាននូវការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន៕ អត្ថបទ៖ ហ្សាលីន





