ក្រសួងកសិកម្ម និងអង្គការភីផលអិននីតកម្ពុជា ជំរុញការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអង្គការភីផលអិននីតកម្ពុជា ស្តីពី «ការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារ កម្ពុជា (ASCA)» ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារៀបចំឡើង ក្នុងបំណងចូលរួមចំណែកក្នុងកិច្ចសហការដើម្បីលើកកម្ពស់ ការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា (ASCA) ដែលផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia ។

គម្រោងនេះនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ រហូតដល់ចុងឆ្នាំ២០២៧ ដោយសង្ឃឹមថានឹងជួយពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធកសិ-ស្បៀងអាហារមួយឱ្យមាននិរន្តរភាព តាមរយៈការបង្កើនការប្រើប្រាស់ជីកាបូន និងបច្ចេកវិទ្យាកសិកម្មបៃតង ដែលអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាពជាងមុន និងការជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទនៃប្រទេសកម្ពុជា។

គម្រោងនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការបញ្ចេញកាបូនពីខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជាតាមរយៈការបង្កើនការប្រើប្រាស់ជីកាបូន ដែលជាបច្ចេកវិទ្យាកសិកម្មបៃតង ដោយសហគ្រាសកសិកម្មធុនមីក្រូតូច និងមធ្យមនៅតាមជនបទ ព្រមទាំងបង្កើនគុណតម្លៃនៃការបាត់បង់ស្បៀងអាហារ ដើម្បីរួមចំណែកដល់ការធានាចីរភាពប្រព័ន្ធកសិ-ស្បៀងអាហារ ដែលប្រើប្រាស់គោលការណ៍សេដ្ឋកិច្ច រួមទាំងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដែលនឹងនាំឱ្យមានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា៕