ជប៉ុន ផ្តល់ជំនួយឥតសំណងជាថវិកា ៣៦៨,៤៧៨ដុល្លារឱ្យកម្ពុជា សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម័្ពន្ធ

សង្គម​និង​សេដ្ឋកិច្ច

នេះមិនមែនជាលើកទីមួយឡើយ សម្រាប់រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាថវិកានិងគ្រឿងសម្ភារៈផ្សេងៗមកឪ្យកម្ពុជា។ នៅថ្ងៃទី២៤ ខែធ្នូ ជប៉ុន ក៏បានឯកភាពផ្តល់ថវិកាសរុបចំនួន ៣៦៨,៤៧៨ ដុល្លារអាមេរិក ក្រោមជំនួយ ឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការកែលម្អផ្លូវក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ការកែលម្អបរិក្ខារក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងការសាងសង់អគារសម្រាប់មណ្ឌលសុខភាពស្រែអង្គ្រងក្នុងខេត្តរតនគិរី និងសម្រាប់មណ្ឌលថែទាំពេលថ្ងៃនៅអង្គការតំណក់ទឹកសាខាខេត្តព្រៃវែង។

ពិធីចុះហត្ថលេខាធ្វើឡើងក្រោមវត្តមានលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបួន ដែលបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក មិកាមិ ម៉ាសាហ៊ីរី បានថ្លែងថា ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ទោះបី ជាយ៉ាងណាក៏ដោយលោកក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ។ លើសពី
នេះការដោះស្រាយបញ្ហានានាទាក់ទងនឹងសុខភាពនិងអនាម័យក៏កាន់តែមានសារៈសំខាន់ផងដែរនៅពេលបច្ចុប្បន្នខណៈដែលពិភពលោកកំពុងរងការគំរាមកំហែងពីជំងឺកូវីដ-១៩។

ទន្ទឹមនឹងនោះ លោកបានគូសបញ្ជាក់ថា ប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះតាមរយៈគ្រោងការណ៍សហប្រតិបត្តិការ
សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ផ្សេងៗរួមទាំង «គូសាណូណិ» ផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំរដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តកម្មវិធី«គូសាណូណិ»នៅកម្ពុជាដើម្បី ជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាននិងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងការអនុវត្តគម្រោងរបស់ពួកគាត់ ។ «គូសាណូណិ» មានន័យថា «ឫសស្មៅ»ក្នុងភាសាជប៉ុន។នៅ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានចូលរួមចំណែកក្នុងគម្រោងជាង៦៥០តាមរយៈជំនួយឥតសំណង«គូសាណូណិ»៕