ផ្លែទុរេន៣កុងតឺន័រទៀត នឹងត្រៀមឆ្លងសមុទ្រពីកម្ពុជាទៅចិននាសប្តាហ៍ក្រោយ

សង្គម​ និង​សេដ្ឋកិច្ច

បើមិនមានអ្វីប្រែប្រួលទេ ទុរេន៣កុងតឺន័រ នឹងត្រៀមដឹកជញ្ជូននាំចេញបន្ថែមពីកម្ពុជាទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ។ នេះបើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់គុណភាពពីក្រសួងកសិកម្ម ស្របតាមពិធីសារនៃការនាំចេញរួចមក។

ទុរេនទាំងនេះនឹងដឹកចេញតាមច្រកសមុទ្រនៅថ្ងៃទី១៨ កក្កដា និងគ្រោងទៅដល់ប្រទេសចិនក្នុងរយៈពេល៩ថ្ងៃទៀត។ បើមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងមានទុរេន៣កុងតឺន័រទៀត ត្រៀមដឹកជញ្ជូននាំចេញបន្ថែមនៅសប្តាហ៍ក្រោយ។

លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា នេះគឺជាការជោគជ័យថ្មីមួយទៀតសម្រាប់ការនាំចេញផ្លែឈើស្រស់របស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលមួយនេះ។

សូមបញ្ជាក់ថា បន្ទាប់មានការបើកទ្វាពីប្រទេសចិន ផ្លែទុរេនទូដំបូងរបស់ប្រទេសកម្ពុជា ដែលមានទម្ងន់ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ តាមរយៈក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) ។ តាមគម្រោង ក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក  នឹងបន្តនាំចេញទុរេនរាប់សិបតោនទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។

គិតមកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងបីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន។

បច្ចុប្បន្ន ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួនប្រមាណជាង ១០ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ ០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុង១ឆ្នាំ។ ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមានផ្ទៃដីដាំដុះដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ ៩៥០ហិកតា ផ្ទៃដីប្រមូលផលចំនួន ៦៨៥ ហិកតា និងទទួលបានបរិមាណផលប្រមាណ ១០ ០០០ តោន៕