សម្តេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន នៅក្នុងឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ខណៈសម្តេចជឿថា កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន នៅក្នុងឆ្នាំនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍ ក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក Fahd Al Dosari  ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និង គណៈប្រតិភូ នៃក្រុមហ៊ុន AI Mansour Asia កាលទី២២ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់អំពីសក្តានុពលនៃស្វាយចន្ទីកម្ពុជា ដែលបច្ចុប្បន្ន កម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងបាននាំចេញប្រមាណ ៦០ម៉ឺនតោន រួចទៅហើយក្នុងមួយឆមាសដើមឆ្នាំ២០២៥នេះ។

ផ្អែកតាមតួលេខនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ហើយការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី គឺជាពេលវេលាដ៏សមស្រប។ បន្ថែមពីនេះ សម្តេចតេជោ ក៏បានបន្តថា កម្ពុជា ក៏នៅមានដំឡូងមី និងជ័រកៅស៊ូ ដែលយើងមិនទាន់បានកែច្នៃឱ្យអស់សក្តានុពលនៅឡើយ ហើយទីផ្សារនៅកម្ពុជា រួមទាំងតំបន់ ក៏នៅមានលម្ហក្នុងការផ្គត់ផ្គង់ ដែលគួរក្រុមហ៊ុនសិក្សាចាប់យកឱកាសវិនិយោគនេះផងដែរ។

បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញថា កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេទី២ របស់ពិភពលោក ប្រមាណ១៧% នៃចំណែកផលិតកម្មពិភពលោក​ បន្ទាប់ពីកូតឌីវ័រ ប្រមាណ២៤% នៃចំណែកផលិតកម្មពិភពលោកក្នុងឆ្នាំ២០២៤។

នៅឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់វៀតណាមចំនួន ៧៩៣ ៤៥៣តោន ដែលគិតជាទឹកប្រាក់ ១១ ៥០លានដុល្លារ។ នេះបើតាមទិន្ន័យពីសមាគមស្វាយចន្ទីកម្ពុជា៕អត្ថបទ៖ ហ្សាលីន