សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “កុមារជាទំពាំងស្នងឫស្សី” និង “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ»។ សម្តេចធិបតីថ្លែងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា” ដែលមានទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “កុមារជាទំពាំងស្នងឫស្សី” និង “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”, ព្រមទាំងបានផ្តល់សច្ចាប័នអន្តរជាតិជាច្រើន ជាអាទិ៍៖ ១. អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២, ២. អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩, ៣. ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ, ៤. ពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ នៅឆ្នាំ២០០២, ៥. អនុសញ្ញាលេខ១៨២ ស្តីពី ការហាមប្រាម និង សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅឆ្នាំ២០០៥, និង ៦. អនុសញ្ញាក្រុងឡាអេស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស នៅឆ្នាំ២០០៧ ជាដើម ។

យ៉ាងណាមិញ សម្តេចធិបតីថា កុមារកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួន ដូចជា អំពើហិង្សាលើកុមារ, ការកេងប្រវ័ញ្ច និង ការជួញដូរកុមារ, ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន, កុមារបម្លាស់ទី, កុមាររងផលប៉ះពាល់ដោយសារការធ្វើចំណាកស្រុក, កុមារបោះបង់ការសិក្សា,កុមារកង្វះអាហាររូបត្ថម្ភជាដើម។
ហេតុនេះ ជាថ្មីម្តងទៀត សម្ដេចធិបតី អះអាងថា រាជរដ្ឋាភិបាល ក៏បានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឆ្នាំ២០០៩ និង ដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ក្នុងឆ្នាំ២០២០ ជាមួយចក្ខុវិស័យ «ធានាឱ្យកុមារគ្រប់រូបនៅកម្ពុជា ឱ្យទទួលបានសិទ្ធិស្មើៗគ្នា ដូចមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ សំដៅឆ្លើយតបទៅនឹងកិច្ចការពារកុមារពីការរំលោភបំពាន និង ការកេងប្រវ័ញ្ចគ្រប់ទម្រង់ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារកម្ពុជាកាន់តែខ្លាំង៕អត្ថបទ៖ហ្សាលីន


