លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មីចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការពង្រឹងយន្តការសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី៖ ការតាមដានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២៧៨៨ (២០២៥)” កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងញូវយ៉ក លោក កែវ ឈា បានរំលឹកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ក្នុងសេចក្តីថ្លែងការរបស់ឯកឧត្តមទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីខែឧសភា កន្លងទៅ។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីអាទិភាពចំនួនបួនដូចខាងក្រោម៖ ការពង្រឹងតួនាទីរបស់អ.ស.ប. ក្នុងការបង្ការដោយវិធីសាស្រ្តការទូត; ការធានាថាជម្លោះត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី និងការអនុលោមតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ; ការពង្រឹងឯកភាព និងភាពមិនលម្អៀងរបស់ក្រុមប្រឹក្សា; និងការដោះស្រាយផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែនរបស់កម្ពុជាដែលកំពុងបន្តកើតមាន ដែលមានជនស៊ីវិលជាង ២ម៉ឺននាក់នៅតែជាជនភៀសសឹក។
ជាទីបញ្ចប់ លោកក៏បានសង្កត់ធ្ងន់ថា ព្រំដែន និងអធិបតេយ្យមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះទេ៕


