កម្ពុជា-អង់គ្លេស នឹងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-អង់គ្លេស បានបើកកិច្ចពិភាក្សាគ្នា ដើម្បីរួមគ្នាជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សា រវាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ លោក Matt Western សមាជិកសភា និងជាប្រេសិតពាណិជ្ជកម្មអង់គ្លេសសម្រាប់កម្ពុជាកាលទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋសភាអង់គ្លេស ទីក្រុងឡុងដ៍។

នៅក្នុងកិច្ចពិភាក្សានេះ ក៏មានវត្តមានចូលរួមពីសំណាក់លោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំអង់គ្លេសផងដែរ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពង្រឹងនិងពង្រីកទីផ្សាររវាងចក្រភពអង់គ្លេស និងកម្ពុជា។

សូមរម្លឹកដែរថា កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម ធ្លាប់បានប្រកាសថា កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងញ៊ូវដែលី នៃសាធារណរដ្ឋឥណ្ឌា ដើម្បីជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ពិសេសដើម្បីទាក់ទាញពាណិជ្ជករ និងវិនិយោគិនបរទេស។

យ៉ាងណាក៏ដោយ ក្រោយពេលដែលមជ្ឈមណ្ឌលនេះត្រូវបានបង្កើតនៅទីក្រុងឡុងដ៍ និងទីក្រុងញ៊ូវដែលី ភាគីទាំងពីរ ប្តេជ្ញាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងសាធារណរដ្ឋឥណ្ឌាផងដែរ។

ជាងនេះទៀត កាលពីថ្ងៃទី ១០កក្កដាឆ្នាំ២០២៥ កន្លងទៅ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានប្រកាសដែរថា អង់គ្លេសនឹងបន្តផ្ដល់ អាទិភាពពាណិជ្ជកម្មដល់កម្ពុជា តាមរយៈ គម្រោងពាណិជ្ជកម្មជាមួយ ប្រទេសកំពុងអភិវឌ្ឍ (Developing Countries Trading Scheme – DCTS) ដោយមិនយកពន្ធអាករនាំចូល លើផលិតផលចម្បងៗជាច្រើន ដែលនាំចេញពីកម្ពុជា ទៅទីផ្សារអង់គ្លេស។

នៅក្នុងសេចក្ដីប្រកាសនោះ ស្ថានទូតអង់គ្លេសបានបញ្ជាក់ថា ការផ្តល់ជូនអាទិភាពនេះ រួមមានផលិតផលដូចជា សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ផលិតផលកសិកម្ម និងឧស្សាហកម្មផ្សេងៗ ដែលនាំចេញពីកម្ពុជា។ ការអនុវត្តគម្រោងនេះ មានគោលបំណងជម្រុញការនាំចេញរបស់ប្រទេសកម្ពុជា តាមរយៈការកាត់បន្ថយ បញ្ហាប្រឈមផ្នែកពន្ធអាករ និងធ្វើឲ្យផលិតផលខ្មែរ បានការប្រកួតប្រជែងខ្ពស់ជាងមុន នៅលើទីផ្សារអន្តរជាតិ។

បន្ថែមពីនេះ ស្ថានទូតក៏បានបញ្ជាក់ដែរថា ការបន្ដផ្ដល់អាទិភាព DCTS ជាផ្នែកមួយ នៃយុទ្ធសាស្រ្តរបស់អង់គ្លេស ក្នុងការជម្រុញការរួមចំណែក រវាងប្រទេសនិងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មសេរី និងស្មើភាព៕ អត្ថបទ៖ ហ្សាលីន