មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានចំណូលជិត ២០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ថយចុះប្រមាណ ៧%

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៦ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបរធនបាល, លោកស្រី ប៉ែន សុបភា អនុប្រធានប្រតិបត្តិ បានរាយការណ៍ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ មូលនិធិទទួលបានចំណូលសរុបប្រមាណ ១៩.៨៧ លានដុល្លារអាម៉េរិក (ថយចុះប្រមាណ ៧% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីបញ្ជាក់ថា ការថយចុះនេះ បណ្តាលមកពីការធ្លាក់ចុះនៃទេសចរបរទេស និងការបរិច្ចាគពីសប្បុរសជន ដោយសារកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ និងវិបត្តិសកល។

ទោះជាយ៉ាងណា លោកបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិ បានបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានការគាំទ្រកើនឡើងលើសការរំពឹងទុក ដោយប្រមូលថវិកាបានរហូតដល់ ៦.៣៨ លានដុល្លារអាម៉េរិក (កើនពី ៦លានដុល្លារ ក្នុងឆ្នាំ២០២៥) និងមានសប្បុរសជនចូលរួមប្រមាណ ៣៥ម៉ឺននាក់។

តាមរបាយការណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបជាង ២១.៧៩ លានដុល្លារអាម៉េរិក ដើម្បីផ្តល់សេវាពិនិត្យ ព្យាបាល និងសេវាសម្ភពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពជូនដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ សរុបជាង ៦៩៤,៧៥៣ ករណី ក្នុងនោះរួមមានការពិគ្រោះជំងឺក្រៅ សម្រាកព្យាបាលជំងឺធ្ងន់ធ្ងរ វះកាត់ជំងឺបេះដូង និងការសម្រាលកូនជាដើម។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន និងបានណែនាំឱ្យគណៈគ្រប់គ្រងមន្ទីរពេទ្យបន្តរក្សាគុណភាពសេវាព្យាបាល ព្រមទាំងយកចិត្តទុកដាក់លើអភិបាលកិច្ច និងយន្តការគាំទ្រហិរញ្ញវត្ថុរយៈពេលមធ្យម និងវែងជាមួយមូលនិធិគន្ធបុប្ផាស្វីស ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

មុននឹងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ ក៏បានណែនាំឱ្យក្រុមការងារអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផ បន្តកិច្ចខិតខំបំពេញភារកិច្ចតាមមុខងាររៀងៗខ្លួន ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ព្រមទាំងសេវាសម្ភពនៅមន្ទីរពេទ្យគន្ធបុប្ផ ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕