ស៊ីម៉ាក់ ច្រានចោលការលើកឡើងមិនពិតរបស់ជនអគតិ ក្នុងរឿងគ្រាប់បែកMK-84 ទម្លាក់ដោយយន្ដហោះF-16 ​របស់ថៃលើទឹកដីកម្ពុជា ថាជាគ្រាប់បែកចាស់

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានច្រានចោលការលើកឡើងមិនពិតរបស់ពួកអគតិដែលបានលាបពណ៌ ថា​ គ្រាប់បែកMK-84 ដែលថៃបានបើកយន្ដហោះមកទម្លាក់លើទឹកដីកម្ពុជា​ជាគ្រាប់បែកចាស់។ ការច្រានចោលរបស់លោកហេង រតនានេះ ធ្វើឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង រតនា បានលើកឡើងថា នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៥​ ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង​ និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង​ (មានរន្ធគ្រាប់បែក)​។

ក្នុងរឿងនេះ អគ្គនាយកស៊ីម៉ាក់បញ្ជាក់ថា​ គ្រាប់បែកMK-84 ដែលមិនផ្ទុះ​ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ​ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម​ ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ​ គឺចាប់ពីថ្ងៃទី២៤-២៨ខែ​កក្កដា​ ឆ្នាំ២០២៥នេះ។ គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះ​ទេ​ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ​ អង្គភាពស៊ីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ​ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។

ទន្ទឹងនឹងនេះ លោក ហេង រតនា សង្កត់ធ្ងន់ថា គ្រាប់បែកត្រកូលMKនេះមានកំណត់សំគាល់និងប្រភពច្បាស់លាស់​ ជាពិសេសទិន្នន័យយន្តហោះF-16និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា​។ យន្តហោះF-16នេះអាចដឹកគ្រាប់បែកMK-84​ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជើង។

ស្របជាមួយរឿងនេះ មានពួកអគតិលាបពណ៌បានលើកឡើងថា​ គ្រាប់បែកMK-84នេះ​ជាគ្រាប់បែកចាស់។

អគ្គនាយកស៊ីម៉ាក់​ គូសបញ្ជាក់ថា ករណីគ្រាប់បែកចាស់មានអាយុកាលជាង៥០ឆ្នាំមកហើយនោះ​ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ​ ច្រេះស៊ីដែកជ្រៅ​ៗ​ ទន្ទឹងនឹងនេះរណ្តៅគ្រាប់​ផ្ទុះ​ រន្ធរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ​ ជាភស្តុតាងស្រាប់​ អ្នកណាសង្ស័យអាចអញ្ជើញទៅទស្សនាជាក់ស្តែងបាន​ ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលើពិភពលោកយើងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន៕