៦ខែ ឆ្នាំនេះ៖ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានជាង៩៧ប៊ីលានដុល្លារ កើន៧%

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមដំណាច់ឆមាសទីមួយ ពោលចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៥នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានជាង ៩៧ប៊ីលានដុល្លារអាមេរិក កើនដល់៧%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមតាម  លោក ឌិត សុចល តំណាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងក្នុងកម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា អំពីវិស័យធនាគារនិងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឆ្នាំ ២០២៥ នាថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥។

នាឱកាសនោះ លោកថា រយៈពេលជាង ២ទសវត្សចុងក្រោយនេះ វិស័យធនាគារ និងហិរញ្ញវត្ថុបានរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយកាត់បន្ថយភាពក្រីក្រ លើកកម្ពស ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងជំរុញកំណើនបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស។

ជាក់ស្តែង លោកបានបញ្ជាក់ថា គិតត្រឹម ដំណាច់ឆមាសទីមួយឆ្នាំ២០២៥នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានកំណើន ៧% ដល់ជាង ៩៧ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ ឥណទានអតិថិជនកើនឡើង ៤,៥% ដល់ជាង ៦២ ប៊ីលានដុល្លារអាមេរិក។ ប្រាក់បញ្ញើអតិថិជនមានកំណើនជាង ១៤% ដល់ប្រមាណជាង ៦១,៤ប៊ីលាន ដុល្លារអាមេរិក និងដើមទុនមានកំណើន ៥.៥% ដល់ ១០.៤ប៊ីលានដុល្លារអាមេរិក បើប្រៀបធៀបហ្នឹង ដំណាច់ឆមាសទីមួយឆ្នាំ២០២៤។

ស្របតាមយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបន្តចូលរួមជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព រហ័ស និង ទូលំទូលាយជាងមុន។ ជាលទ្ធផល បានឆ្លុះបញ្ចាំងតាមរយៈកំណើនចំនួនគណនីប្រាក់បញ្ញើអតិថិជនដល់ ប្រមាណ២៧,៥លានគណនី និងគណនីឥណទានអតិថិជនដល់ ប្រមាណ៤,៣លានគណនី។

សូមជម្រាបដែរថា គិតត្រឹម ដំណាច់ខែមិថុនា ឆ្នាំ២០២៥នេះ សមាគមទាំងពីរមានសមាជិកសរុបចំនួន ២០៩គ្រឹះស្ថានដែលទទួល បានអាជ្ញាប័ណ្ណដំណើការអាជីវកម្មពីធនាគារជាតិនៃកម្ពុជា។

គ្រឹះស្ថានសមាជិករបស់សមាគមធនាគារនៅ កម្ពុជាមានចំនួន ៧៧ ក្នុងនោះរួមធនាគារពាណិជ្ជ ៦០ ធនាគារឯកទេស ៨ តំណាងការិយាល័យធនាគារ បរទេស ៥ និងសមាជិក៤ទៀតរួមមាន៖ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា សមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងសាជីវកម្មធានាឥណទានកម្ពុជា។

ដោយ ឡែកសមាជិក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានចំនួន ១៣២ ដែលរួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើ ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១២ គ្រឹះស្ថានឥណទានជនបទ ៣២ និងធនាគារពាណិជ្ជចំនួន២។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិក ទាំងអស់មានបុគ្គលិកបម្រើការសរុប ប្រមាណជាង ៨ម៉ឺននាក់នៅទូទាំងប្រទេស ហើយបានផ្តល់ជូនអតិថិជននូវសេវាហិរញ្ញវត្ថុច្រើនប្រភេទ ដែលសេវាចំបងៗរួមមាន៖ សេវាប្រាក់សន្សំ (បញ្ញើ) សេវាកម្ចី(ឥណ ទាន) និងសេវាទូទាត់។ អតិថិជនទាំងអស់ទទួលបានសេវាទាំងនេះ តាមរយៈបណ្តាញសំខាន់ៗដូចជា៖ បណ្តាញសាខាទូទាំងប្រទេសដែលមានចំនួន២.៧៥៨ទីតាំង ប្រព័ន្ធឌីជីថល (Mobile App) IATM (ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ) ដែលមានចំនួនរហូតដល់៥.៨៩៩ម៉ាស៊ីន និងប្រព័ន្ធម៉ាស៊ីន POS និងKHQR ជាដើម៕ ​អត្ថបទ៖ ពិសី