ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការវាយបើកការវាយប្រហាររបស់យោធាថៃមកលើកងកម្លាំងកម្ពុជា និងជនស៊ីវិលបង្កឱ្យមានជនភៀសសឹកជាច្រើន។

ដោយគិតត្រឹមម៉ោង ១១ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋខ្មែរស្លូតត្រង់កម្ពុជានៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ បានភៀសសឹកនិងគេចចេញពីការវាយប្រហាររបស់យោធាថៃនិងមកកាន់មណ្ឌលសុវត្ថិភាព សរុប ១៦ ៥៦៨ គ្រួសារ ស្មើនឹង ៥៤ ៥៥០ នាក់។
សូមបញ្ជាក់ថា បើតាមក្រសួងការពារជាតិ ការបើកការបាញ់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់។

គិតមកដល់ពេលនេះ កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕


រូបភាព៖ AKP

