អភិបាលខេត្តបៃលិន ជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់រកទីផ្សារកសិផល ជូនប្រជាពលរដ្ឋ ពិសេសរកដៃគូវិនិយោគលើផ្នែកកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

អភិបាលខេត្តប៉ៃលិន បានជំរុញឱ្យស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំរកទីផ្សារកសិផលជូនប្រជាកសិករ បើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឱ្យដឹងតាមរយៈក្រសួងមហាផ្ទៃ នាថ្ងៃទី៤ សីហានេះ ក្នុងឱកាសអញ្ជើញពិនិត្យមើលទីតាំង ឡសម្ងួត និងឃ្លាំងស្តុកដែលទទួលទិញកសិផលពី ប្រជាកសិករ នៅស្រុកសាលាក្រៅ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា «ក្នុងនាម អាជ្ញាធរ ខេត្ត គឺធ្វើយ៉ាងណាចង់ឱ្យទីផ្សារ កសិផល របស់ប្រជាកសិករ កាន់តែមានភាពល្អប្រសើរឡើង ធ្វើឱ្យពលរដ្ឋមានជីវភាពធូរធារ ដូច្នេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរកទីផ្សារកសិផល ជូនប្រជាពលរដ្ឋ បើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើក៏ដោយ ជាពិសេសត្រូវខិតខំរក ដៃគូវិនិយោគ លើផ្នែកកសិកម្មព្រមទាំងលើកកម្ពស់ទីផ្សារ កសិផល ឱ្យកាន់តែសម្បូរបែប ដែលនេះជាឱកាសមួយអាចជួយឱ្យប្រជាកសិករ មានភាពងាយស្រួល ក្នុងការទិញ – លក់ ដោយមានទីផ្សារ ស្ថិតស្ថេរ និងច្បាស់លាស់ផងដែរ»។

លោកស្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានជំរុញឱ្យ ក្រសួងពាណិជ្ជកម្ម និងក្រសួង ពាក់ព័ន្ធ រួមទាំងរដ្ឋបាល ថ្នាក់ក្រោមជាតិត្រូវ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផលខ្មែរ និងផ្តល់ជំនាញនានា ដល់ផលិតករ លើដំណើរការខ្សែសង្វាក់ផលិតកម្ម, ការពង្រឹងគុណភាព, សុវត្ថិភាព ផលិតផល ការកែច្នៃ និងការវេចខ្ចប់ជាដើម ដែលឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេសនិង ក្រៅប្រទេស ជាពិសេស ត្រូវរៀបចំចងក្រង ផលិតផលក្នុងស្រុក ដែលមានសក្ដានុពលក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ចូលជាផលិតផលភូមិមួយ ផលិតផលមួយ ស្របតាមគោលនយោបាយជាតិ ស្ដីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ សម្រាប់ ឆ្នាំ២០១៦ ដល់ ២០២៦ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ស្របពេលបងប្អូនពលករយើងនៅប្រទេសថៃ បានសម្រុកវិលត្រឡប់មកស្រុកកំណើតវិញដោយសារសង្គ្រាមឈ្លានពាន ដែលមានតម្រូវការការងារក្នុងស្រុកច្រើន។

ជាមួយគ្នានេះផងដែរ លោកស្រីអភិបាលខេត្តក៏បានផ្តាំផ្ញើ ដល់ស្ថាប័នជំនាញ ពាក់ព័ន្ធត្រូវបន្តខិតខំរកដំណោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមទាំងបញ្ហា ផលប៉ះពាល់បរិស្ថាន តាមសៃឡូ និងទីលានហាលកសិផល ដូចជា ជះក្លិន មិនល្អ និង បង្ហូរទឹកកខ្វក់ចូលទៅក្នុងអូរ បឹងបួ បង្កជាផលប៉ះពាល់ ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែល រស់នៅក្បែរនោះ ជាពិសេសត្រូវ ពិនិត្យមើលជញ្ជីងថ្លឹងកសិផល តាមទីតាំងទិញ – លក់ កសិផល ឱ្យមានភាពសុក្រឹត ត្រឹមត្រូវ និងអនុវត្តតាមផ្លូវច្បាប់ជាធរមាន ជៀសវាងការកេងចំណេញ ដោយប្រការណាមួយដែលធ្វើឱ្យបាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់ជីវភាពរបស់កសិករ៕

រូបភាព៖ រដ្ឋបាលខេត្តប៉ៃលិន